បណ្តាញសង្គម

រដ្ឋបាលខណ្ឌមានជ័យ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល

ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ សាលាខណ្ឌមានជ័យ បានរៀបចំកម្មវិធី ប្រកាសចូល កាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខណ្ឌ នៅក្នុងអាណត្តិទី២ និងគណ:អភិបាល ខណ្ឌមានជ័យ ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ, ឯកឧត្តម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ លោក គួច ចំរើន លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមន្ត្រីរាជការជា ច្រើនរូបទៀត ។

យោងអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំងលោក អែម សុខលាង ជាប្រធានក្រុម ប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី ២ និងលោក ពេជ្រ កែវមុនី ជាអភិបាល នៃគណ:អភិបាល ខណ្ឌមានជ័យ អមដោយអភិបាលរងខណ្ឌ ៤រូប រួមមានលោក ហៀក ចាន់លាង លោកស្រី ជា នីតា លោក មា សុភាព និងលោក ឌី រ័ត្នខេមារុណ ។ តាមសេចក្តីប្រកាស បានតែងតាំលោក ឡុង ង៉ែត ជានាយករដ្ឋ បាល ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការបោះឆ្នោត ក្រុមប្រឹក្សាកន្លងទៅនេះ សមាជិកក្រុមប្រឹក្សា ខណ្ឌមានចំនួន ១៩ រូប មកពីគណបក្ស ប្រជាជនកម្ពុជា ១២រូប មកពីគណបក្ស សង្គ្រោះជាតិ ៧រូប និងក្រុមប្រឹក្សាសង្កាត់ មានសមាជិកមានចំនួន ៤៤រូប មកពី គណបក្ស ប្រជាជនកម្ពុជា ២៨រូប និងមកពីគណបក្ស សង្គ្រោះជាតិ ១៦រូប ។ លោក អភិបាល បានបញ្ជាក់ ថា ផ្អែកតាមអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាល ខណ្ឌមានជ័យ មានសង្កាត់ចំនួន៤ រួមមានសង្កាត់ចាក់ អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពុន និងសង្កាត់ស្ទឹងមានជ័យ ។ អគាររដ្ឋបាលសាលា ខណ្ឌមានជ័យ តាំងនៅលើអគារផ្សារ ចាក់អង្រែក្រោម ។

លោក អភិបាលខណ្ឌ គួច ចំរើន បានលើកឡើងថា រដ្ឋបាលខណ្ឌមានជ័យ ក្នុងអាណត្តិទី១ បានសម្រេច លទ្ឋផលការងារ និងសមិទ្ឋផលជាច្រើនគួរជាទីមោទន:  ជាក់ស្តែងរដ្ឋបាលខណ្ឌ បានខិតខំជំនះពុះពារ រាល់ការលំបាកស្មុគស្មាញ និងអនុវត្តគ្រប់វិធានការ សំដៅពង្រឹងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សុខុមាលភាពប្រជាជន ពិសេសលើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម  ដោយផ្តោតសំខាន់ លើការអនុវត្តន៍ គោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព ។ លើសពីនេះទៅទៀត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ រហូតមក រដ្ឋ បាលខណ្ឌមានជ័យ បាន និងកំពុងអនុវត្តនូវ កំណែទម្រង់ថ្មីមួយទៀត គឺការបើកឲ្យដំណើរការនៅ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីផ្តល់សេវាសាធារណ: ជូនប្រជា ពលរដ្ឋឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ឋភាព រហ័ស និងមានតម្លាភាព ហើយប្រជាជនមានការ ពេញចិត្តពេញថ្លើម និងកោតសរសើរយ៉ាងខ្លាំងក្លា ។

លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ បានមានប្រសាសន៍ថា “នៅក្នុងអាណត្តិទី២នេះ ខ្ញុំនឹង ប្រតិបត្តិតាម រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងខណ្ឌ, ខិតខំពង្រឹងរដ្ឋបាលឯកភាព, ពង្រឹងសាមគ្គីផ្ទៃ ក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ ការទំនាក់ទំនង ជា មួយក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ ក្នុងដែនសមត្ថកិច្ច”។

លោកបានបន្តថា នៅក្នុងអាណត្តិទី២នេះ នឹងខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួន ឲ្យស្របតាម ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាននានា ដើម្បីសម្រេច នូវគោលបំណង ក្នុងការបង្កើត និងជំរុញ និងការធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍតាម បែបប្រជាធិប តេយ្យ នៅថ្នាក់ក្រោមជាតិ និងស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិ បាល ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រុមប្រឹក្សាដែលទើបនឹងជាប់ឆ្នោត ថ្មីៗនេះ ត្រូវផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ដោយបង្ហាញនូវតម្លៃ សេវាសាធារណៈ ដល់ពួក គាត់ និងរយៈពេលនៃការផ្តល់សេវា, ចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ក្នុងមូលដ្ឋាន ដោយប្រើប្រាស់យន្តការ គណៈបញ្ជាការឯកភាព រាជធានី ខណ្ឌ តាមអនុក្រិត្យថ្មី ។

ឯកឧត្តម បានបន្តថា “ដើម្បីរួមគ្នាសម្រេច បាននូវកិច្ចការនានា ចាំបាច់ត្រូវខិតខំពង្រឹង ស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង ឲ្យបានល្អនៅក្នុងប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ ប្រសិទ្ធិភាពការងារ, ការគោរព ច្បាប់ គោរព គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ”  ៕