បណ្តាញសង្គម

BTS ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ K -POP

អ្នកជំនាញក្នុងវិស័យសិល្បៈកូរ៉េបានទម្លាយថា នៅពេលនេះ ក្រុមចម្រៀងប្រុសល្បីឈ្មោះ BTS បានក្លាយជាក្រុមចម្រៀងដែលមានតម្លៃខ្លួនផ្សាយពាណិជ្ជកម្មខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រហើយ។

នៅក្នុងកម្មវិធី Rumor Has It ដែលចាក់ផ្សាយថ្មីៗនេះនៅលើប៉ុស្តិ៍ Chanel A អ្នកកាសែត Choi Jeong Ah បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលទម្លាយថា យោងតាមទិន្នន័យរបស់វិស័យពាណិជ្ជកម្ម រាល់កិច្ចសន្យាផ្សព្វផ្សាយជាមួយកំពូលក្រុមចម្រៀងប្រុស BTS នៅពេលនេះមានតម្លៃចន្លោះពី ៣ ទៅ ៥លានដុល្លារ។

អ្នកកាសែតដដែលបានឲ្យដឹងថានេះគឺជាតួលេខដែលកំពុងខ្ពស់បំផុតនៅក្នុងវិស័យចម្រៀងកូរ៉េតាំងពីមុនមក។ “សិល្បករលំដាប់ S (តារាដែលមានកេរ្តិ៍ឈ្មោះល្បីបំផុត) តែងមានកិច្ចសន្យាតម្លៃប្រមាណ១លានដុល្លារ សម្រាប់ស្ប៉តមួយ ប៉ុន្តែមិនទាន់មានអ្នកណាទទួលបានតម្លៃខ្ពស់ដូច BTS ឡើយ” អ្នកកាសែតម្នាក់ទៀតឲ្យដឹង។

តារាសម្ដែងប្រុស Hong Suk Chun បានបន្ថែមថា កាលពីឆ្នាំ២០១៧ តម្លៃស្ប៉តមួយសម្រាប់ក្រុមចម្រៀងម្ចាស់បទ Fire បានឡើងដល់១លានដុល្លាររួចទៅហើយ តែពេលនេះគឺបានកើនឡើងខ្ពស់បំផុតដូចខាងលើ។ សម្រាប់ការចែកចំណូលវិញ គឺខាងក្រុមហ៊ុនបាន៣ភាគ និងខាង BTS បាន៧ភាគ។

តែអ្នកជំនាញបានឲ្យដឹងថា ទោះបីជាមានតម្លៃខ្លួនពាណិជ្ជកម្មខ្ពស់កប់ពពកក៏ដោយ តែចំណូលច្រើនបំផុត ដែលក្រុមចម្រៀងរកបានគឺមកពីការលក់អាល់ប៊ុម និងប្រគំខនសឺតទៅវិញទេ៕

ដកស្រង់ពី៖ Sabay