បណ្តាញសង្គម

ឃើញរាំស្វាហាប់មែន តែស្ថានភាពសុខភាពរបស់ MAMAMOO គ្មានអ្នកណាស្មានដល់ទេ

MAMAMOO ពេលនេះបានក្លាយជាក្រុមនារីដ៏មានឥទ្ធិពលមួយក្រុមទៀតប្រចាំ K-Pop ផ្អែកលើសកម្មភាពសិល្បៈដែលពួកគេបានបង្ហាញនាពេលកន្លងមក។

ដូច្នេះបើសរុបជារួមមកពួកគេពិតជាមានការមមាញឹកខ្លាំងទាក់ទងនឹងការងារសព្វថ្ងៃ។ ប៉ុន្តែចំណុចនេះ វាត្រូវចោទ និងប៉ះពាល់ខ្លាំងទៅលើសុខភាព។ នៅក្នុងភាគមួយនៅក្នុងកម្មវិធី Boss In The Mirror របស់ប៉ុស្តិ៍ KBS បានបង្ហាញពីសកម្មភាពសមាជិក MAMAMOO ពេលទៅគ្លីនីកឱសថបុរាណមួយកន្លែង ដើម្បីពិនិត្យសុខភាព មុនការ Comeback របស់ពួកគេ។

Solar បាននិយាយថា៖ «Comeback គឺជាពេលសំខាន់បំផុត ពួកយើងត្រូវមកគ្លីនីក ដើម្បីថែសុខភាពឲ្យបានល្អ»។ ការមកពេទ្យពិនិត្យសុខភាពជារឿងទូទៅ ប៉ុន្តែទាក់ទងនឹងបញ្ហាសុខភាពដែលសមាជិកទាំង ៤បនាទម្លាយទៅកាន់វេជ្ជបណ្ឌិត គឺពិតជាលើសពីអ្វីដែលអ្នកគាំទ្រគិតទុកទៅទៀត។

Solar ថា៖ «ខ្នងខ្ញុំ ជាផ្នែកមួយដែលយ៉ាប់យ៉ឺនជាងគេ ស្មាក៏ឈឺ ហើយពោះវៀនខ្ញុំដូចជាមិនស្រួលសោះ ខ្ញុំទល់លាមកទៀត»។ ងាកចូល Hwasa វិញ មានបញ្ហាទាក់ទងនឹងការដេកមិនលក់ ហើយតែងអស់កម្លាំងខ្លាំងជានិច្ច។ ចំណែក Moonbyul ក៏បានសារភាពដែរពីកង្វល់របស់ខ្លួន៖ «មុខខ្ញុំ និង គ្រាប់ភ្នែកឡើងពណ៌លឿង។ ពេលខ្ញុំទៅពិនិត្យ ក្រុមគ្រូពេទ្យនិយាយថាមិនអីទេ»។

ចុងក្រោយគេ Wheein ក៏បានត្អូញត្អែរពីស្ថានភាពសុខភាពនាងដែរ គឺទាក់ទងនឹងស្មា ដែលតែងឈឺជាប្រចាំ ហើយក ជើងក៏មានរបួស។ សរសៃពួរក្បាលនៅជង្គង់នាងធ្លាប់ដាច់ ២ដងឯណោះកាលពីមុន។ សម្រាប់ Solar ដែលជាប្រធានក្រុម ក្រោយបានដឹងពីស្ថានភាពសុខភាពរបស់សមាជិករួមក្រុមហើយ នាងពិតជាពិបាកចិត្តណាស់ ហើយក៏បារម្ភខ្លាំងដែរ ព្រោះនាងដឹងច្បាស់ថាចំនួនការងារច្រើនប៉ុនណាដែលកំពុងសំដៅមករកក្រុម៕

ដកស្រង់ពី៖ Sabay