បណ្តាញសង្គម

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្តេជ្ញារួមគ្នាលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០២៥

ក្រុមការងារពិសេសលុបបំបាត់ជម្ងឺគ្រុនចាញ់ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីរកវិធីសាស្ត្រ ក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យអស់ពីខេត្តត្បូងឃ្មុំ និង

ឲ្យអស់នៅទូទាំងប្រទេសនៅឆ្នាំ២០២៥ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង/ស្រុក វេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ មន្ត្រីការិយាល័យស្រុកប្រតិបត្តិ នៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពជំងឺគ្រុនចាញ់ បង្ហាញសមិទ្ធិផលការងារ លើឡើងនូវបញ្ហាប្រឈម និងទិសដៅលើការអនុវត្តទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្ត ដោយសម្រួលក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ការផ្តល់អនុសាសន៍ និងទិសដៅជំហានបន្ទាប់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ អោយអស់នៅឆ្នាំ២០២៥ ។

លោកឱសថការី ផុល ពន្លឺ បានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ តែងតែធ្វើការគិតគូ និងយកចិត្តទុកដាក់ នៅតាមមណ្ឌលសុខភាពនានា ហើយក៏មានអ្នកស្មគ្រ័ចិត្តតាមមូលដ្ឋានដល់ខ្នងផ្ទះប្រជាពលរដ្ឋ ទើបធ្វើអោយជម្ងឺគ្រុនចាញ់មានការថយចុះ និងឈានទៅលុបបំបាត់តាមផែនការយុទ្ធសាស្ត្ររបស់ជាតិផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានកោតសរសើរចំពោះក្រុមការងារដែលបានខិតខំយ៉ាងសកម្មចូលរួមផ្សព្វផ្សាយលុបបំបាត់ជំងឺគ្រុនចាញ់ ដែលធ្វើឲ្យអត្រាកើតជំងឺគ្រុនចាញ់នៅឆ្នាំ២០២០នេះមានការធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានលើកឡើងថា ដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់នៅកម្ពុជាឲ្យអស់នៅឆ្នាំ២០២៥ ត្រូវមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានមន្ត្រីសុខាភិបាល អាជ្ញាធរដែនដី កងកម្លាំង ស្ថាប័នគ្រប់វិស័យ អង្គការដៃគូ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ត្រូវអនុវត្តន៍រួមគ្នា ធ្វើឲ្យកម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ប្រព្រឹត្តទៅយ៉ាងរលូន ដើម្បីទប់ស្កាត់មិនអោយមានការរីករាលដាល និងព្យាបាលបានទាន់ពេលវេលា ដោយមិនឲ្យមានអ្នកស្លាប់ដោយសារជម្ងឺគ្រុនចាញ់ឡើយ និងធ្វើអោយជម្ងឺគ្រុនចាញ់ធ្ងន់ធ្ងរមានការធ្លាក់ចុះ សម្រេចតាមផែនការលុបបំបាត់ទាំងស្រុងនៅឆ្នាំ២០២៥ ជាពិសេសមួយវិញទៀតនោះត្រូវបន្តរួមគ្នាទប់ស្កាត់ការចម្លងបន្តនៃជម្ងឺកូវីដ-១៩ នៅកម្ពុជាផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត ក៍បានជំរុញអោយក្រុមការងារ ខិតខំបន្ថែមដល់ទៀត ត្រូវដាក់ផែនបន្តដោយការចុះអប់រំផ្សព្វផ្សាយពីជំងឺគ្រុនចាញ់ដើម្បីបងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងប្រុងប្រយ័ត្ន ពិសេសបើទៅកន្លែងឬតំបន់ដែលសង្ស័យថាមានជំងឺគ្រុនចាញ់ ត្រូវដេកនៅក្នុងមុងជ្រលក់ថ្នាំជានិច្ច ជៀសវាងមូសដែកគោលញីខាំ បណ្តាលឲ្យកើតជំងឺគ្រុនចាញ់ ប្រសិនបើមានអាការៈសង្ស័យថា មានជំងឺគ្រុនចាញ់ត្រូវប្រញ៉ាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិត ឬអ្នកស្ម័គ្រភូមិដើម្បីធ្វើតេស្តរកជំងឺគ្រុនចាញ់ និងព្យាបាលបានទាន់ពេលវេលា។

បើតាមលោកវេជ្ជៈបណ្ឌិត ម៉ា សុខន ប្រធានគម្រោងជម្ងឺគ្រុនចាញ់ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យអោយដឹងផងដែរថា ទាក់ទងនឹងបញ្ហាជម្ងឺគ្រុនចាញ់ដើម្បីលុបបំបាត់ ចំពោះវិធីសាស្ត្រ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវធ្វើសកម្មភាពនៅគ្រប់ ក្រុង ស្រុក ទាំងអស់ទូទាំងខេត្តផ្សព្វផ្សាយពីការសម្អាតបរិស្ថានជុំវិញផ្ទះ ក្នុងគោលបំណងបំបាត់សំបុកមូសខ្លា ក៍ដូចជាចែកមុងនិងអង្រឹងជ្រលក់ថ្នាំ ដោយឲ្យសម្រាកនៅក្នុងមុង ពិសេសអ្នកស្ម័គ្រចិត្តនៅតាមមូលដ្ឋានដែលជាសមាជិកក្រុមការងារពិសេស នៅតាមបណ្តាមណ្ឌលសុខភាពនានា ត្រូវបន្តពង្រឹង និងអនុវត្តតាមវិធីសាស្រ្តនានារបស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត ដើម្បីរួមគ្នាលុបបំបាត់ជម្ងឺគ្រុនចាញ់អោយបានជាស្ថាពរនៅកម្ពុជា៕