បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ៖ ការថែទាំសុខភាពមាតា ទារក និងកុមារ គឺចាប់ពីពេលមានគភ៍ ពេលសម្រាលកូន និងក្រោយពេលសម្រាល រួមទាំងការពន្យាកំណើត ពីកូនមួយទៅកូនបន្ទាប់់

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត អញ្ជើញជាអធិបតី ប្រារព្ធទិវារជាតិ សុខភាពមាតានិងទារក ក្រោមការរៀបចំដោយសាខាកាកបាទក្រហមខេត្ត នៅមណ្ឌលសុខភាព រកាពប្រាំ២ ស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អនុប្រធាន និងសមាជិកគណៈកម្មាធិការកាកបាទ អនុសាខាកាកបាទ ព្រមទាំងមាតា និងទារក យ៉ាងច្រើនកុះករ។

បន្ទាប់ពីលោកជំទាវ ឡេង សុខា អនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឡើងអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឳកាសទិវាជាតិមាតា ទារកនិងកុមារ រួចមក ឯកឧត្តម លី ឡេង ប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្ត បានលើកឡើងថា ការងារចាំបាច់ដែលយើងត្រូវរួមគ្នាធ្វើ ក្នុងការថែទាំសុខភាពមាតា ទារកនិងមាតា គឺចាប់ពីពេលមានគភ៍ ពេលសម្រាលកូន និងក្រោយសម្រាល រួមទាំងការពន្យាកំណើត ពីកូនមួយទៅកូនបន្ទាប់។

ឯកឧត្តម លី ឡេង អភិបាលខេត្ត បានធ្វើការជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ កាត់បន្ថយការស្លាប់របស់មាតា ការស្លាប់ទារកក្នុងផ្ទៃ , ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ជាពិសេសគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ បន្តជួយវិនិយោគដល់ការងារសុខភាពមាតាទារក និងកុមារ នៅកម្ពុជា ។

ជាចុងក្រោយ ឯកឧត្តម លី ឡេង រួមទាំងសហការី បានធ្វើការចែកជូននូវអំណោយមួយចំនួនដល់មាតា និងទារក ដែលចូលរួមនាពេលនោះ ដោយក្នុងម្នាក់ៗទទួលបាន សារុង១, កន្សែងពោះគោ១, ខោអាវកូនង៉ា១កំប្លេ, ម្សៅកូនង៉ា១កំប៉ុង, សាប៊ូដុសខ្លួន១ដុំ និងថវិការចំនួន២ម៉ឺនរៀលផងដែរ៕