បណ្តាញសង្គម

គ្មាន​ពាក្យ​ថា​យោគយល់​ចាប់​បាន​ដុត​កម្ទេច​ចោល​ទាំងអស់

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបដុតបំផ្លាញចោលម៉ូតូចំនួន១១គ្រឿងដែលជាមធ្យោបាយដឹកជញ្ជូនឈើ ឯឈើប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើបរកែវជាបន្តបន្ទាប់ ។

ការដុតបំផ្លាញម៉ូតូនោះសមត្ថកិច្ចបានធ្វើនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅស្រុកអូរយ៉ាដាវ ។ការដុតបំផ្លាញម៉ូតូនោះដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

ហើយនៅក្នុងនោះមានម៉ូតូកែច្នៃចំនួន១១គ្រឿង និងឈើប្រភេទលេខ១ផ្ចឹកចំនួន៧ដុំ ស្មើនឹង១,៦៤៦ម៉ែត្រគូបបានប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកបរកែវចាត់ចែងបន្តតាមច្បាប់ ។លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានប្រាប់ឱ្យដឹងថា ម៉ូតូមធ្យោបាយដឹកឈើចំនួន១១គ្រឿងនេះគឺ៣គ្រឿងទទួលពីកម្លាំងនគរបាលវរការពារព្រំដែនលេខ៦២៣ដែលពួកគាត់បង្ក្រាបបានកាលពីលើកមុនដូច្នេះដុតបំផ្លាញចោលសរុប១១គ្រឿង ។

លោកបន្តទៀតថា ដោយទទួលបទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត និងដឹកនាំកម្លាំងផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីគឺកម្លាំងលោកត្រៀមសហការជាមួយកម្លាំងសមត្ថកិច្ចផ្សេងទៀតប្រចាំការ២៤ម៉ោងលើ២៤ម៉ោងពោលគឺធ្វើការបង្ក្រាបជាបន្តបន្ទាប់ដោយមិនយោគយល់អ្នកតូចអ្នកធំ អ្នកក្រអ្នកមាននោះទេពោលគឺអនុវត្តន៍ច្បាប់តែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព