បណ្តាញសង្គម

២នាក់ប្រព្រឹត្តផ្សេងគ្នា អស់លក្ខណ៍​ក្នុង​ថ្ងៃ​ជាមួយគ្នា​

ខេត្តរតនគិរី ៖ ជនសង្ស័យពីរនាក់ជាប់ចោទពីបទចោរកម្មក្នុងករណី២ផ្សេងគ្នា ហើយត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះថាមានសង្ស័យលួចកាប់កូនគោមួយក្បាលកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចចំការចន្ទី ស្ថិតនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី។ជនរងគ្រោះឈ្មោះសុខ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ចំណែកជនសង្ស័យឈ្មោះ ធឿន ជា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាមៗកម្លាំងអធិការនិងកម្លាំងប៉ុស្ដិ៍បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗ និងដកហូតសាច់គោបានមួយចំនួនផងដែរ។

ដោយឡែកនៅវេលាម៉ោង៨យប់ថ្ងៃទី៦ សីហា សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូមួយគ្រឿងដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៦ សីហា ។

ជនសង្ស័យឈ្មោះ ឃាង ហាយ ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិវៀតណាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ។ ក្រោយឃាត់ជនសង្ស័យទាំងពីរនាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព