បណ្តាញសង្គម

ខ្លាំង​បាត់​! ស្ត្រី​ម្នាក់​កាន់​កាត ATM គេ​ទៅ​បើក​លុយ តែ​ចប់​ត្រឹម​បុគ្គលិក​ធនា​គារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកកូនកាបូបមួយពីស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈជនរងគ្រោះចេញពីធ្វើការដើរទិញផ្លែឈើនៅមុខរោងចក្រដោយក្នុងនោះមានប្រាក់ គ្រឿងអលង្ការ និងកាត ATM បន្ទាប់មកក៏គេចខ្លួនបាត់ ។

លុះ៦ថ្ងៃក្រោយមកទើបយកកាត ATM ដែលលួចនោះទៅបើកប្រាក់ពីធនាគារអេស៊ីលីដា ហើយក៏ត្រូវបុគ្គលិកធានាគារសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅធនាគាអេស៊ីលីដា សាខាចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។សេចក្តីរាយការណ៍បន្តថា ស្ត្រីសង្ស័យខាងលើនេះឈ្មោះ អ៊ួង សុភី អាយុ៣៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងភូមិកណ្តាល ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត ។

ដោយឡែកស្ត្រីរងគ្រោះឈ្មោះ ជឹម សុខគា អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល និងមានទីលំនៅក្នុងភូមិអង្គដូនពីស ឃុំទឹកល្អក់ គងពិសី ខេត្តកំពង់ស្ពឺ ។បើតាមស្ត្រីរងគ្រោះឲ្យដឹងថា នៅក្នុងកាបូបរបស់នាងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះមាន លុយ១ម៉ឺនរៀល, ខ្សែ.កប្លាទីន១ខ្សែ, ចិញ្ចៀនប្លាទីន១វង់ និងកាត ATM ១សន្លឹកដែលមានទឹកលុយក្នុងនោះចំនួន៣០០ដុល្លារ អត្តសញ្ញាណប័ណ្ណ១សន្លឹក រួមទាំងកាតការងារទៀត។

ស្ត្រីរងគ្រោះបន្តថា មុនកើតហេតុកាលពីល្ងាចថ្ងៃទី៤ កញ្ញា កាលពី៦ថ្ងៃមុននោះ ក្រោយពេលចេញពីធ្វើការនាងបានដើរចេញពីក្នុងរោងចក្រដើម្បីរកទិញផ្លែឈើហូបនៅខាងមុខរោងចក្រនោះ ដោយនាងទុកកាបូបនៅក្នុងថង់យួរដៃមួយ។ខណៈនោះក៏ត្រូវនជនសង្ស័យបន្លំលួចយកកាបូបទៅបាត់ ហើយនាងក៏មិនបានស្គាល់ភិនភាគជនសង្ស័យដែរ រួចក៏បានទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍តែម្តង។

លុះរហូតដល់ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ស្ត្រីសង្ស័យខាងលើបានកាន់កាត ATM ទៅរកបើកលុយ ទើបខាងបុគ្គលិកធនាគារអេស៊ីលីដាសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនតែម្តង ។

ក្រោយពេលឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ បានបដិសេធន៍ថា ខ្លួនមិនបានលួចកាបូបនេះទេ គឺខ្លួនរើសបាន ដោយសារតែថង់ដែលជនរងគ្រោះកាន់នោះ គឺវារហែកគូទ បណ្ដាលឲ្យជ្រុះកាបូប ហើយខ្លួនរើសបានទេ មិនបានលួចឡើយ។

ប៉ុន្តែភ្លាមៗនោះ ស្ត្រីរងគ្រោះដែលកំពុងស្ថិតនៅទីនោះដែរ បានយកថង់ដាក់កាបូបនោះបង្ហាញនគរបាល ហើយថង់អត់មានរហែកនោះទេ ដូច្នោះបានន័យថា ជនសង្ស័យឆ្លើយដោះសារ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅ៣ បានប្រគល់ស្ត្រីសង្ស័យទៅឲ្យនគរបាលប៉ុស្តិ៍កំបូលចាត់ការបន្ត ព្រោះរឿងរ៉ាវខាងលើ បានកើតឡើងនៅក្នុងភូមិសាស្ត្រសង្កាត់កំបូល ខណ្ឌកំបូល៕

ដកស្រង់ពី៖កោះសន្តិភាព