បណ្តាញសង្គម

រថយន្ត​បោះពួយ​បុក ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ក្មេងប្រុស​ម្នាក់​រងរបួស ហើយ​បើក​រត់​គេចខ្លួនបាត់

រថយន្តស៊េរីទំនើបម៉ាក SSAM YONG STAVIC មួយគ្រឿងបោះពួយក្នុងល្បឿនលឿនរេចង្កូតទៅបុកចូលផ្ទះលក់ចាប់ហ៊ួយ និងលក់កាហ្វេ ពេញទំហឹង បណ្តាលឲ្យក្មេងប្រុសអាយុ៦ឆ្នាំម្នាក់កំពុងញាំមី រងរបួសជើង និងខូចខាតសម្ភារៈមួយចំនួនធំ រួចព្យាយាមបើក រត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកស្លាកលេខ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ច្រកចូលវត្តសំរោងអណ្ដែត ខាងលិចក្លោងទ្វាជិត១០០ម៉ែត្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ ។ រថយន្តរីទំនើបបង្កហេតុមានពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BG-៥១៨៨ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងជិតដល់វត្តសំរោងអណ្តែតទិសដៅពី លិចទៅកើត ក្នុងល្បឿនលឿនដូចហោះ បានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកចូលផ្ទះពេញទំហឹងបណ្ដាលឱ្យកូនប្រុសរបស់គាត់រងរបួសជើង និងខូចខាតសម្ភារៈមួយចំនួនធំដូចជាទូរលក់កាហ្វេ ទ្វារផ្ទះនិងសម្ភារៈផ្សេងៗមួយចំនួនធំទៀត។

ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើកត្រឡប់ក្រោយរត់ចេញកន្លែងកើតហេតុ ខណ: ក៏មានប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញរហូតដល់ក្បែរវត្តសំរោងអណ្ដែត ទើបរថយន្តបង្កបានជ្រុះស្លាកលេខ រួចបានព្យាយាមបើករត់គេចខ្លួន បាត់ស្រមោល។ បន្ទាប់មកប្រជាពលរដ្ឋបានយក ស្លាកលេខរថយន្តមកទុកនៅកន្លែងកើតហេតុវិញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកពិនិត្យនៅកន្លែងកើតហេតុរួចយកស្លាកលេខរថយន្តទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ បណ្ដោះអាសន្នរង់ចាំម្ចាស់ផ្ទះទៅដាក់ពាក្យបណ្ដឹងដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ រស្មីកម្ពុជា