បណ្តាញសង្គម

អាសូរណាស់! គ្រូបង្រៀនសាលាមេត្តយ្យក្នុងខណ្ឌជ្រោយចង្វារម្នាក់ស្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៌ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ គួរឲ្យអាសូរណាស់! អ្នកគ្រូបង្រៀនម្នាក់នៅសាលាមត្តេយ្យមួយកន្លែង ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈពេលកំពុងជិះម៉ូតូទៅបង្រៀនសិស្ស ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៌ ជាមួយរទេះគោ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥១ ក្នុងភូមិធំ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នាវេលាម៉ោងជាង៥ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតជាគ្រូបង្រៀន ត្រូវបានគេស្គាល់ថាមានឈ្មោះ រឿង សារ៉េត អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AS-6304។

មន្ត្រីនគរបាល និងសាក្សីត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ ដែលបានជិះម៉ូតូពីខាងក្រោយម៉ូតូរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ បានឃើញរទេះគោធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយម៉ូតូរងគ្រោះ ដែលជិះបើកម្នាក់ឯងនៅខាងក្រោយ ក្នុងគោលបំណងទៅបង្រៀនសិស្សនៅសាលាមតេយ្យមួយក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ តែដោយសារស្ថានភាពងងិត និងភ្លឺស្រាងៗ «ពោលគឺរទេះគោមិនមានដាក់ផ្លាកចំណាំងផ្លាតនោះទេ» ទើបធ្វើឲ្យជនរងគ្រោះស្រវ៉ាំងភ្នែកមើលមិនឃើញ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករទេះគោ ចំពីខាងក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកខ្លួនស្លាប់ យ៉ាងអាណោចអាធម៌ ក្នុងមួយសន្ទុះក្រោយ។

ក្រោយកើតហេតុ និងមានការវាស់វែងពីសមត្ថកិច្ចមូលដ្ឋាន សហការសមត្ថកិច្ចជុំនាញ បានសម្រេចយកទាំងម៉ូតូ និងរទេះគោ ទៅរក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមច្បាប់ តែសពជនរងគ្រោះជាគ្រូបង្រៀន ត្រូវបានដឹកយកទៅតម្កល់រៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

ដកស្រង់ពី៖FRESH NEWS