បណ្តាញសង្គម

មន្ត្រីអាវុធហត្ថខេត្តព្រៃវែងម្នាក់ ដែលវាយអ្នកបើករថយន្តលក់ទឹកកក ត្រូវតុលាការដោះលែងឲ្យទៅផ្ទះវិញ

(ភ្នំពេញ)៖ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យ ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលជាប់ពាក់ព័ន្ធរឿងហិង្សា ត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

នេះបើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ។ ជនសង្ស័យមានឈ្មោះ ប៉ែន សូនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ២៨៩ ក្រុម៧០ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ឈ្មោះ អឿន សេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នកលក់ទឹកកក ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវលេខ៥៩០ ក្រុម៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបថា លោក ចែ សុង ជាតំណាងអយ្យការចោទបានបើកការស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ ប៉ែន សូនី ពីចោទបទ «ហិង្សាដោយចេតនា» ប្រព្រឹត្ដនៅមុខផ្ទះលេខ២០ ផ្លូវលេខ ៦១៤ ក្រុម៧០ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។

លោក ចែ សុង បានបញ្ជូនសំណុំរឿងនេះ ទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ដោយស្នើសុំមិនឃុំខ្លូនទើបលោកចៅក្រម ឡុង វណ្ណា សម្រេចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួនក្នុងគុក) តែម្តង។

គួររំលឹកថា សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឃាត់ខ្លួនជនបង្កឈ្មោះ ប៉ែន សូនី កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ វាយជនរងគ្រោះ បណ្តាលឲ្យរងបួស ព្រោះតែទំនាស់ពាក្យសម្តី ខឹងជនរងគ្រោះ ឈប់រថយន្តដឹកទឹកកក ដាក់ទឹកកកឲ្យម៉ូយ ទើសផ្លូវលោកមន្ត្រីអាវុធហត្ថជាជនបង្ករូបនេះ៕

ដកស្រង់ពី៖FRESH NEWS