បណ្តាញសង្គម

អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋ៦៤ខ្នង នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ខាតបង់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ

(ភ្នំពេញ)៖ នៅម៉ោង០៣៖១៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៦៤ខ្នងផ្ទះ ស្មើនឹងចំនួនគ្រួសារ៦៤គ្រួសារ។

សមត្ថកិច្ចពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បើតាមការអះអាងពីប្រជាពលរដ្ឋជាច្រើននាក់បានឲ្យដឹងថា អគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ផ្តើមចេញចេញពីផ្ទះរបស់ឈ្មោះ ស៊ីន យិន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ រ៉ា វី អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ ទើបបណ្ដាលឲ្យរីករាលដាលឆេះយ៉ាងសន្ធោសន្ធៅ ជាបន្តបន្ទាប់ទៅលើផ្ទះប្រជាពលរដ្ឋទាំងតូចធំ រហូតដល់ទៅ៦៤ខ្នង ស្មើនឹងចំនួន៦៤គ្រួសារ។

នៅក្នុងប្រត្តិបត្តិការជួយនេះ សមត្ថកិច្ចពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣២គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២២គ្រឿង រថយន្តរបស់សាលាខណ្ឌជ្រោយចង្វារចំនួន០៦គ្រឿង រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង រថយន្តក្រសួងមហាផ្ទៃចំនួន៣គ្រឿង និងម៉ារិនចរាចរណ៍ផ្លូវទឹកចំនួន២គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន១២៩ជើង។ យ៉ាងណាក៏ដោយ ហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ហើយចំពោះទំហំនៃការខូចខាត សរុបជាទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិកឯណោះ៕

ដកស្រង់ពី៖FRESH NEWS