បណ្តាញសង្គម

សារព័ត៌មានអន្តរជាតិ ​គាស់​កកាយ ​បញ្ជាក់​ក្បាច់គុន​ Muay Thai មាន​ដើម​កំណើត​មកពី​ខ្មែរ

សារព័ត៌មាន The South China Mornig Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងបានចុះផ្សាយថា Muay Thai (ប្រដាល់ថៃ) មានដើមកំណើតមកពីសិល្បៈក្បាច់គុនបុរាណខ្មែរ ដោយមានតឹកតាងនៅលើជញ្ជាំងប្រាសាទខ្មែរនាសតវត្សទី១២ មិនអាចប្រកែកបាន។

នៅក្នុងអត្ថបទដ៏វែងអន្លាយ ដែលបានចុះផ្សាយដោយសារព័ត៌មានដ៏ចំណាស់នេះ បានដាក់ចំណងជើងថា "សិល្បៈក្បាច់គុនបុរាណដែលជាដើមកំណើតរបស់ Muay Thai បានរស់ឡើងវិញនៅកម្ពុជា អរគុណដល់លោកគ្រូក្បាច់គុន ដែលប្រឹងប្រែងមិនខ្លាចនឿយហត់"។

លោកគ្រូក្បាច់គុណល្បុក្កតោ សាន គឹមស៊ាន នៅក្នុងកិច្ចសម្ភាសន៍ឲ្យសារព័ត៌មានបានរៀបរាប់ថា ខណៈដែលកីឡាក្នុងតំបន់ដូចជា Muay Thai (ប្រដាល់ថៃ) មានភាពល្បីល្បាញនៅទូទាំងពិភពលោក ប្រភពដើមរបស់ពួកគេគឺមកពីល្បុក្កតោ។ ដោយសារតែអាណាចក្រខ្មែរបានគ្របដណ្ដប់យ៉ាងធំធេងនៅភូមិភាគអាស៊ីអាគ្នេយ៍ និងស្ទើរតែគ្របដណ្តប់ទាំងស្រុងលើប្រទេសថៃក្នុងអំឡុងពេលដែលខ្មែរឈានដល់កំពូលនៅសតវត្សទី ១២ និងទី ១៣ ។

ក្នុងប្រវត្តិសាស្ត្រល្បុក្កតោត្រូវបានបង្កើតឡើងជាង ២០០០ ឆ្នាំមកហើយ គឺមុនសម័យអង្គរទៅទៀត។ គេជឿថា អ្នកភូមិ និង ប្រជាជនដែលរស់នៅតាមជ្រលងភ្នំ បានអភិវឌ្ឍបច្ចេកទេសគុនល្បុក្កតោនេះមានដល់ទៅប្រមាណ ១ម៉ឺនក្បាច់ រួមមាន ជង្គង់ កែង ស្មងជើង ការប្រយុទ្ធលើដី និង ក្បាច់ជាច្រើនទៀត រួមទាំងការប្រើអាវុធជាដើម ជាមធ្យោបាយដើម្បីរស់។

ប្រភពខាងលើបន្ថែម។ សារព័ត៌មាននេះថែមទាំងបានសរសើរលោកគ្រូ ដែលបានលះបង់ស្ទើរពេញមួយជីវិតដើម្បីសាបព្រោះបច្ចេកទេសល្បុក្កតោ ដែលមានជាង ១ម៉ឺនក្បាច់ ដែលលោកបានចេះ ធ្វើយ៉ាងណាឲ្យក្បាច់គុនល្បុក្កតោបន្តទៅដល់មនុស្សជំនាន់ក្រោយ៕