បណ្តាញសង្គម

Arsenal និង​ Chelsea ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នៅ​ទឹកដី​ Emirates

ជំនួប London Derby រវាងក្រុមខ្លាំងពីរគឺ Arsenal និង Chelsea បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាប៉ុណ្ណោះគឺ ២ទល់នឹង២។

ការប្រកួតសប្ដាហ៍ទី២២ ដែលធ្វើឡើងនៅកីឡដ្ឋាន Emirates គូប្រជែងក្រុម Top 4 ទាំងពីរបានបើកការវាយលុកគ្នាតាំងពីវិនាទីដំបូងមកម្ល៉េះដោយ Chelsea មានឱកាសលេងមុខទី Arsenal ច្រើនលើកពិសេស ការស៊ុតរបស់ Morata ២ដងច្បាស់ៗតែធ្វើមិនបានសម្រេច។

ម្ចាស់ផ្ទះវិញក៏គាបសង្កត់ក្រុមភ្ញៀវខ្លាំងណាស់ដែរ តែមិនមានសំណាងដោយបាល់បុកបង្គោលទី និងមួយបាល់ទៀតជាការស៊ុតរបស់ Lacazette ត្រូវអ្នកចាំទីជួយសង្គ្រោះបាន។ វគ្គទីពីរ នាទី៦៣ Wilshere បានស៊ុតបោកបង្គោលចូលទី១គ្រាប់ឲ្យ Arsenal នាំមុខ តែរំលង៤នាទី Hazard ប៉េតាមស្មើឲ្យ Chelsea បន្ទាប់ពី Bellerín ធ្វើរូបគេឲ្យដួលនៅក្នុងប្រអប់គ្រោះថ្នាក់។

នៅនាទី៨៤ Zappacosta ដែលទើបប្ដូរចូលបានបញ្ជូនឲ្យ Alonso ស៊ុតនាំមុខវិញម្ដង ប៉ុន្តែចុងម៉ោងនាទី៩០+២ទៅហើយ Bellerín បានទាត់មួយជើងចូលមុំកៅឲ្យក្រុមលោក Wenger ស្មើបាន១ពិន្ទុក្នុងទឹកដី៕

ដកស្រង់ពី៖ Sabay