អ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា កើនលើស ២០,០០០នាក់
- Details
- Category: International News
(ញូដេលី)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ២០,០០០នាក់ហើយ នៅថ្ងៃអង្គារនេះ ខណៈប្រជាជាតិអាស៊ីខាងត្បូងមួយនេះ កំពុងបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចម្ដងៗ ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
នេះបើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលឥណ្ឌា បានឱ្យដឹងទៀតថាមនុស្ស ៤៦៧នាក់ បានស្លាប់ដោយសារ COVID-19 ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យចំនួនអ្នកស្លាប់សរុបទូទាំង ប្រទេសកើនដល់ ២០,១៦០នាក់។
ចំណែកឯ ចំនួនអ្នកឆ្លងសរុបវិញ ក៏បានកើនដល់ ៧១៩,៦៦៥នាក់ផងដែរ ក្រោយអ្នកឆ្លងថ្មី ២២,២៥២នាក់ ត្រូវបានគេរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា។
ឥណ្ឌា កាលពីថ្ងៃចន្ទម្សិលមិញ បានវ៉ាដាច់រុស្ស៊ី ក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុតលំដាប់ទី៣ លើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល៕
ដកស្រង់ពី៖ Fresh News