Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងប្រកាស «មិនទទួលជំនួយពីបរទេសព្រោះខ្លាចឆ្លង COVID-19» ខណៈខ្លួនកំពុងរងគ្រោះដោយទឹកជំនន់

  • Print

(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសរបស់លោកមិនទទួលជំនួយពីខាងក្រៅនោះឡើយ បើទោះបីជាខ្លួនបាន និងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ក៏ដោយ។

នេះបើតាមការចេញផ្សាយដោយស៊ីនហួរ ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។ ការប្រកាសរបស់លោក គីម ជុងអ៊ុន ខាងលើនេះត្រូវបានធ្វើឡើង នៅកំលុងកិច្ចប្រជុំលើកទី ១៦ របស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមទី ៧ របស់គណបក្សពលករកូរ៉េ (WPK) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការទប់ទល់គ្រោះទឹកជំនន់ និងវិបត្តិសកលបង្កឡើងដោយជំងឺ COVID-19។

KCNA បានដកស្រង់ពាក្យសម្តីលោក គីម ជុងអ៊ុន ដែលបានលើកឡើងយ៉ាងដូច្នេះថា «វិបត្តិនៃវីរុសកូរ៉ូណាដែលកំពុងរីកធំឡើងៗ នៅទូទាំងសកលលោក កំពុងបង្ខំឲ្យយើងបិទព្រំដែន និងអនុវត្តវិធានការទប់ស្កាត់វីរុសយ៉ាងតឹងរ៉ឹង ព្រមទាំងបដិសេធក្នុងការទទួលជំនួយពីខាងក្រៅ បើទោះបីជាយើងបានរងការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដោយគ្រោះជំនន់ក៏ដោយ»។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរកូរ៉េខាងជើង វាលស្រែប្រមាណជាង ៣៩,០០០ហិកតាបានរងការលិចលង់ ខណៈផ្ទះសម្បែង ១៦,៦៨០ខ្នង និងអគារសាធារណៈ ៦៣០ខ្នងបានរងការលិចលង់ផង និងខូចខាតផង ឬខ្លះត្រូវបានបំផ្លាញខ្ទេចខ្ទីតែម្តង។

លោក គីម បានណែនាំបន្ថែមទៀត ឲ្យមន្ត្រីតាមមូលដ្ឋានត្រូវតែទទួលខុសត្រូវ ចំពោះជីវិតរស់នៅរបស់ប្រជាជន និងត្រូវសង្គ្រោះពួកគេពីក្តីលំបាកវេទនាឲ្យអស់ពីលទ្ធភាព៕

ដកស្រង់ពី៖ Fresh News