Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម៖ មនុស្សស្លាប់កើនដល់ ១១១នាក់ និងបាត់ខ្លួន២២នាក់ ក្នុងគ្រោះទឹកជំនន់-បាក់ដី

  • Print

(ហាណយ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នៅថ្ងៃពុធនេះបានប្រកាសឱ្យដឹងថា ចាប់តាំងពីដើមខែតុលា គ្រោះទឹកជំនន, ការរអិលបាក់ដី និងគ្រោះថ្នាក់ពាក់ព័ន្ធផ្សេងៗទៀត ដែលបង្កឡើងដោយព្យុះ និងជំនន់ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១១នាក់ ខណៈ ២២នាក់ទៀតបន្តបាត់ខ្លួន នៅតំបន់ខ្ពង់រាប ភាគកណ្តាល នៃប្រទេសអាស៊ានមួយនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ខាងលើ មនុស្ស ៦០នាក់បានស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងជំនន់ទឹកភ្លៀង ហើយភាគច្រើនត្រូវបានរាយការណ៍ ចេញពីបណ្ដាខេត្តភាគកណ្ដាលដូចជា ខេត្ត ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien-Hue) និងក្វាងណាម (Quang Nam) ជាដើម។

បន្ថែមពីនេះ ប្រជាជនជិត ៥៩,៣០០គ្រួសារ រស់នៅតាមតំបន់នានាក្នុងខេត្ត ហាទិញ (Ha Tinh), ក្វាងប៊ិញ (Quang Binh) និង ក្វាងទ្រី (Quang Tri) ត្រូវបានអាជ្ញាធរជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាព ខណៈផ្ទះប្រមាណ ១២៤,៦០០ខ្នងនៅក្នុងខេត្ត Ha Tinh និង Quang Binh ត្រូវបានទឹកជន់លិច។

បន្ថែមពីនេះ សត្វពាហនៈជាង ៦៩១,០០០ក្បាលបានងាប់, ចរាចរណ៍តាមមធ្យោបាយនានា នៅក្នុងតំបន់ទាំងនោះត្រូវបានកាត់ផ្ដាច់, ព្រមទាំងសាលារៀនជាច្រើន ត្រូវបានបិទទ្វារផងដែរ។

នៅជុំវិញបញ្ហាខាងលើ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ទ្រិញ ឌិញ ឌុង (Trinh Dinh Dung) បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជន ដែលរងផលប៉ះពាល់ ឱ្យបានទាន់ពេលវេលា ជាពិសេសប្រជាជននៅក្នុងខេត្ត Ha Tinh និងខេត្ត Quang Binh។

ឧបនាយករដ្ឋមន្ត្រីរូបនេះ ក៏បានស្នើឱ្យតំបន់នានាត្រៀមខ្លួន សម្រាប់ការមកដល់នូវព្យុះសូដែល (Saudel) ដែលអាចនឹងកើតមានក្នុងថ្ងៃខាងមុខនេះផងដែរ៕

ដកស្រង់ពី៖ Fresh News