Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក» តាមរយៈវេទិកា UN

  • Print

(ហ្សឺណែវ)៖ ប្រទេសមហាអំណាចរួមទាំងសម្ព័ន្ធមិត្តទាំងអស់ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បានរិះគន់សហរដ្ឋអាមេរិក ចំពោះកំណត់ត្រាសិទ្ធិមនុស្ស ក្នុងអំឡុងពេលត្រួតពិនិត្យរបស់ អង្គការសហប្រជាជាតិ (UN) ដោយបានលើកឡើងពីការអនុវត្ត ទោសប្រហារជីវិត និងអំពើហិង្សារបស់ប៉ូលីស ប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក និងការបំបែកកុមារចំណាកស្រុក ចេញពីគ្រួសាររបស់ពួកគេ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ការស្លាប់របស់លោក ចច ហ្លយដ៍ (George Floyd) ដែលជាជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក កាលពីខែឧសភាកន្លងទៅនេះ ដោយសារតែប៉ូលីសអាមេរិកបានយកជង្គង់សង្កត់ករបស់គាត់ អស់រយៈពេលជិត ៩នាទីរហូតដល់ដាច់ខ្យល់ស្លាប់នោះ បានធ្វើឱ្យកើតមានឡើងនូវបាតុកម្ម ដើម្បីប្រឆាំងតវ៉ា និងទាមទាររកយុត្តិធម៌យ៉ាងខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក និងបានដាក់កំណត់ត្រាសិទ្ធិមនុស្សរបស់មហាអំណាចលេខ១នេះ នៅក្នុងការចាប់អារម្មណ៍ជាសកលជាថ្មីម្តងទៀត។

ប្រទេសចិន និងរុស្ស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលីស ខណៈប្រទេសគុយបា និងវ៉េណេស៊ុយអេឡា ក៏បានអំពាវនាវដែរថា ត្រូវតែផ្តល់សិទ្ធិស្មើគ្នាក្នុងការថែរក្សាសុខភាព ក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតសកល (COVID-19)។

ទន្ទឹមនឹងនេះ ប្រទេសបារាំង ក៏បានអំពាវនាវឱ្យអាជ្ញាធរអាមេរិក បញ្ឈប់ការប្រហារជីវិតនៅកម្រិតសហព័ន្ធ, បិទពន្ធនាគារ កាន់តាណាម៉ូ (Guantanamo Bay) និងធានាឱ្យស្ត្រី និងក្មេងស្រីទទួលបាននូវសិទ្ធិពេញលេញ ព្រមទាំងលើកស្ទួយសុខភាពផ្លូវភេទ និងបន្តពូជផងដែរ ខណៈចក្រភពអង់គ្លេស បានអំពាវនាវឱ្យមានការធានាបាន នូវសេវាកម្មសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដ៏ទូលំទូលាយមួយ។

ជុំវិញបញ្ហាខាងលើនេះ លោក ចាមីល ដាកវ៉រ (Jamil Dakwar) ដែលជានាយកទទួលបន្ទុកផ្នែកកម្មវិធីសិទ្ធិមនុស្ស នៅឯសហព័ន្ធសេរីភាពជនស៊ីវិលអាមេរិក ហៅកាត់ថា ACLU បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា «អ្វីដែលយើងបានឃើញថ្ងៃនេះ គឺជាការថ្កោលទោសពីសំណាក់បណ្តាប្រទេសជាច្រើន នៅជុំវិញពិភពលោក ចំពោះបញ្ហាកំណត់ត្រាសិទ្ធិមនុស្ស របស់សហរដ្ឋអាមេរិក។

យើងបានដឹងលឺបន្ទាប់ពីប្រទេសជាច្រើន បានអំពាវនាវ និងជំរុញឱ្យសហរដ្ឋអាមេរិក ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយការរើសអើងពូជសាសន៍ និងអំពើហិង្សារបស់ប៉ូលីស»។

គួរបញ្ជាក់ថា បើតាមក្រុមសកម្មជន ការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃសហរដ្ឋអាមេរិកជាលើកដំបូង បានកើតមានចាប់តាំងពីខែឧសភា ឆ្នាំ២០១៥មកម្ល៉េះ ដែលវាគឺជាការបង្ហាញអំពីបញ្ហាក្នុងគោលនយោបាយ របស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) ហើយពួកគេ ក៏បានអំពាវនាវឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) ធ្វើកំណែទម្រង់នេះផងដែរ និងពេលលោកឡើងកាន់តំណែងជាផ្លូវការ៕

ដកស្រង់ពី៖ Fresh News