Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតបុរសខ្លាំងរុស្ស៊ី ប្រកាសទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីថ្មីរបស់អាមេរិក

  • Print

 (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើសារអបសាទរជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រឱ្យលោក បៃដិន ធ្វើជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។

នេះបើតាមសេចក្តីប្រកាសពីវិមានក្រឹមឡាំង ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

វិមានក្រឹមឡាំងធ្លាប់បានបញ្ជាក់ថា លោក ពូទីន នឹងមិនអបអរសាទរលោក ចូ បៃដិន ឡើយ រហូតទាល់តែលទ្ធផលបោះឆ្នោត ត្រូវបានទទួលស្គាល់ជាផ្លូវការ បើទោះជាមេដឹកនាំពិភពលោកនានា នាំគ្នាផ្ញើសារអបអរលោក បៃដិន ភ្លាមៗជាបន្តបន្ទាប់ ក្រោយមើលលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី០៣ ខែវិច្ឆិកានោះក៏ដោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡាំងបានបញ្ជាក់ដោយស្រង់សម្ដីលោក ពូទីន យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយអ្នក (លោក បៃដិន)»។

វិមានក្រឹមឡាំងបានបន្ថែមទៀតថា លោក ពូទីន បានជូនពរឱ្យលោក បៃដិន ទទួលជ័យជម្នះគ្រប់ភារកិច្ច ហើយក៏បានបង្ហាញពីក្ដីសង្ឃឹមថា សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងរួមគ្នាទទួលខុសត្រូវជាពិសេស ទៅលើផ្នែកសន្តិសុខ និងស្ថេរភាពពិភពលោកផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រុមអ្នកតំណាងបោះឆ្នោត ឬអង្គបោះឆ្នោត បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ ចំពោះជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ លោក បៃដិន ទទួលបានសំឡេងពីអង្គបោះឆ្នោត ៣០៦រូប ដែលលើស ២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោតតែ ២៣២រូបប៉ុណ្ណោះ។

លទ្ធផលបោះឆ្នោតនេះនឹងត្រូវរង់ចាំការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង ២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន ខណៈលោក បៃដិន នឹងក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News