អ៉ីរ៉ង់ថាភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ (Video inside)
- Details
- Category: International News
(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បាននិយាយថាភាពស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការដកទណ្ឌកម្មទាំងអស់ចេញពីអ៉ីរ៉ង់ គឺជាឧបសគ្គមួយដ៏ធំរារាំងដល់ការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ខណៈបណ្ដាប្រទេសលោកខាងលិចនៅតែបន្តសង្ស័យពីការប្ដេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនេះដូចគ្នា ដែរ។
នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដូច្នេះថា «វាច្បាស់ណាស់នៅពេលនេះ នោះគឺភាពស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ជាឧបសគ្គមួយដ៏ធំរារាំងដល់ដំណើរការនៃកិច្ចចរចា...យើងជឿជាក់ថានឹងមាន កិច្ចព្រមព្រៀងមួយ ប្រសិនបើរដ្ឋាភិបាលអាមេរិកបញ្ឈប់យុទ្ធនាការដាក់សម្ពាធរបស់ខ្លួន ហើយភាគីអឺរ៉ុបបង្ហាញពីភាពបត់បែន និងឆន្ទៈនយោបាយពិតប្រាកដ»។
គួរបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥ ឡើងវិញ ត្រូវផ្អាកជាបណ្ដោះអាសន្ន ដោយភាគីពាក់ព័ន្ធអះអាងថាកិច្ចចរចានឹងចាប់ផ្ដើមជាថ្មី នៅក្នុងសប្ដាហ៍នេះបន្ទាប់ពីក្រុមមន្ត្រីអឺរ៉ុបបង្ហាញការខកចិត្តចំពោះ អ៉ីរ៉ង់ ដែលបានស្នើឱ្យកែប្រែអត្ថបទមួយដែលសម្រេចបានជិត ៨០ភាគរយ នៅក្នុងកិច្ចប្រជុំមុនៗមក៕
ដកស្រង់ពី៖ Fresh News