មេដឹកនាំអារ៉ាប់ និងមូស្លីម ជំរុញ ICC ស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម ក្នុងសង្គ្រាម អ៉ីស្រាអែល-ហាម៉ាស
- Details
- Category: International News
អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសមូស្លីម កាលពីថ្ងៃសៅរ៍ បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកគេអះអាងថា កំពុង ប្រព្រឹត្តឡើងដោយអ៉ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ ក្រោយកិច្ចប្រជុំកំពូលវិសាមញ្ញរួមអារ៉ាប់-អ៉ីស្លាម ក្នុងទីក្រុងរីយាដ មេដឹកនាំអារ៉ាប់ និងមូស្លីម ក៏បានអំពាវនាវផងដែរឱ្យមានការបិទបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ជា បន្ទាន់ និងទាត់ចោលការនូវអ្វី ដែលអ៉ីស្រាអែលហៅថា សិទ្ធិស្វ័យការពារខ្លួន។
អារ៉ាប៊ីសាអូឌីត បាន និងកំពុងដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលឱ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា ហើយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានរៀបចំកិច្ចប្រជុំកំពូលខាងលើឡើង ក៏ដើម្បី បុព្វហេតុមួយនេះដែរ។
កិច្ចប្រជុំកំពូលវិសាមញ្ញរួមអារ៉ាប់-អ៉ីស្លាម មានការចូលរួមពី មេដឹកនាំជាច្រើននាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី និងប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ជាដើម។
សូមបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ា កំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃសង្រ្គាម ចាប់តាំងពីក្រុមហាម៉ាសបានវាយ ប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពី ថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។
ក្រោយការវាយប្រហារនេះដែរ អ៉ីស្រាអែល បានទម្លាក់គ្រាប់ បែកសងសឹកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១១,០៧៨ នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល ហើយ ៤០ភាគរយ នៃអ្នកស្លាប់ គឺជាកុមារ នេះបើតាមការផ្សាយរបស់ Reuters ។