Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះស៉ីក្លូនវាយប្រហារភាគខាងត្បូងប្រទេសឥណ្ឌា, មនុស្សយ៉ាងហោច៩នាក់ស្លាប់

  • Print

(ញូវដែលី)៖ នៅថ្ងៃអង្គារនេះ ព្យុះស៉ីក្លូនមួយឈ្មោះថា Michaung បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលបានជន់លិចផ្លូវនិងផ្ទះសម្បែង នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចចំនួន៩នាក់ ក្នុងនោះរួមមានទាំងក្មេងម្នាក់ផងដែរ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។ ព្យុះស៉ីក្លូន Michaung បានបោកបក់មកដល់រដ្ឋ Andhra Pradesh កាលពីខ្ទង់ម៉ោង១១ព្រឹកថ្ងៃអង្គារនេះ (ពេលវេលាក្នុងតំបន់) ជាមួយកម្លាំងខ្យល់ល្បឿនអតិបរមា ១១០គីឡូម៉ែត្រក្នុង១ម៉ោង។

អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន៨,០០០នាក់ ត្រូវបានជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាព។

ឥទ្ធិពលនៃព្យុះស៉ីក្លូននេះ បានបណ្តាលឱ្យក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ ស្លាប់នៅទីក្រុង Tirupati ខណៈមនុស្ស៨នាក់ផ្សេងទៀត បានបាត់បង់ជីវិត ក្នុងទីក្រុង Chennai ជារដ្ឋធានីនៃរដ្ឋ Tamil Nadu ដែលនៅក្បែរខាងគ្នា។

គួរបញ្ជាក់ថា ព្យុះស៉ីក្លូន ដែលស្មើនឹងព្យុះហឺរីខិននៅភាគខាងជើងមហាសមុទ្រអាត្លង់ទិច និងព្យុះទីហ្វុងនៅភាគពាយព្យមហាសមុទ្រប៉ាស៉ីហ្វិក គឺជាបាតុភូតធម្មជាតិកើតមានឡើងជាប្រចាំ ដែលគំរាមកំហែងចំពោះតំបន់ឆ្នេរនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ជាទីដែលមនុស្សរាប់លាននាក់រស់នៅ៕

ដកស្រង់ពី៖ Fresh News