Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ុយក្រែនអះអាងថា មនុស្ស៣នាក់ស្លាប់ និង១៣នាក់របួស ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី នៅភាគខាងកើតប្រទេស

  • Print

(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៉ីបានបើកការវាយប្រហារមីស៉ីលមកលើក្រុង Selydove នៅតំបន់ Donetsk ភាគខាងកើតប្រទេស កាលពីចន្លោះវេលាយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ ហើយបានបណ្តាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត បង្កឱ្យរបួសជាង១០នាក់ និងធ្វើឱ្យខូចខាតមន្ទីរពេទ្យមួយខ្នង ព្រមទាំងអគារស្នាក់នៅប៉ុន្មានខ្នងទៀត។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា ជនស៉ីវិល៣នាក់ ក្នុងនោះមានក្មេងម្នាក់ បានស្លាប់ ហើយមនុស្ស១៣នាក់ផ្សេងទៀត បានរងរបួស។

ចំណែកអ្នកជំងឺប្រហែល១០០នាក់ ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យនៅក្រុងក្បែរខាង បន្ទាប់ពីផ្នែកមួយចំហៀងនៃមន្ទីរពេទ្យនៅក្រុង Selydove បានរងការខូចខាត ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ ទាំងរុស្ស៉ីនិងអ៊ុយក្រែន សុទ្ធតែបដិសេធថា មិនបានកំណត់គោលដៅលើជនស៉ីវិល ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនឡើយ។

ភាគីទាំងពីរបានអះអាងថា ការវាយប្រហារទាំងនោះ ដែលភាគច្រើនមានគោលដៅឆ្ងាយពីសមរភូមិជួរមុខ គឺដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល យោធា និងដឹកជញ្ជូន។

គួរបញ្ជាក់ថា តំបន់ Donetsk ដែលឥឡូវ៥៧ភាគរយ ស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី គឺបានក្លាយជាទីតាំងសមរភូមិមុខ ចាប់ពីឆ្នាំ២០១៤មក នៅពេលក្រុមឧទ្ទាមគាំទ្រដោយរុស្ស៉ី បានដណ្តើមកាន់កាប់រដ្ឋធានីនៃតំបន់នេះ គឺទីក្រុង Donetsk រួមជាមួយទីក្រុងធំៗជាច្រើនផ្សេងទៀត៕

ដកស្រង់ពី៖ Fresh News