សហរដ្ឋអាមេរិក «កំពុងព្យាយាមបង្កើនចំនួននាវាចម្បាំង ឲ្យដល់កំណត់ ៣៥៥គ្រឿង» ដើម្បីកុំឲ្យប្រទេសដទៃ មើលងាយ ជាពិសេសចិនតែម្តង!
- Details
- Category: International News
(វ៉ាស៊ីនតោន)៖ ប្រសិនបើកងនាវាចម្បាំងទាំង ២៧៥គ្រឿង របស់កងទ័ពជើងទឹកអាមេរិក មិនអាចឈានដល់គោលដៅកំណត់ របស់ក្រសួងការពារជាតិដែលមានចំនួន ៣៥៥គ្រឿងទេនោះ ទីក្រុងវ៉ាស៊ីនតោននឹងជំរុញកងទ័ពជើងទឹកប្រទេសចិន ឲ្យមានការយល់ឃើញថា ពួកគេអាចនឹងបង្កើនឥទ្ធិពលរបស់ខ្លួន ឲ្យមានប្រៀបជាងសហរដ្ឋអាមេរិកបាន។
នេះបើតាមលោក Roger Wicker អ្នកតំណាងមកពីរដ្ឋ Mississippi ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា នឹងពង្រីកទំហំកងនាវាយោធាអាមេរិក ឲ្យកើនឡើងដល់ ៣៥០គ្រឿង ដែលជាគោលដៅ ស្របទៅនឹងការសន្និដ្ឋានក្នុងរបាយការណ៍ របស់បណ្ណាល័យសភាអាមេរិកកាលពីឆ្នាំ២០១៦ ដែលថា នាវាសរុបចំនួន ៣៥៥គ្រឿង គឺចាំបាច់សម្រាប់គោលដៅយុទ្ធសាស្រ្តសន្តិសុខជាតិ។ក៏ប៉ុន្តែការផ្តល់ហិរញ្ញវត្ថុដើម្បីបង្កើនចំនួននាវា និងការធ្វើយ៉ាងដូច្នោះនៅក្នុងរយៈពេលកំណត់ ដ៏ឆាប់រហ័សមួយ កំពុងបង្កជាឧបសគ្គធំៗ ដើម្បីសម្រេចគោលដៅនៃមហិច្ឆតានេះបើតាមលោក Eric Labs នៃការិយាល័យថវិកាសភា (CBO) បានឲ្យដឹងថា នៅក្នុងអត្រានៃការសាងសង់បច្ចុប្បន្ន កងទ័ពជើងទឹកអាមេរិក នឹងអាចមាននាវាយោធាចំនួន ៣៥០គ្រឿង រហូតយ៉ាងហោចណាស់ដល់ឆ្នាំ២០៣៥។ជាមួយគ្នានេះលោក Jerry Hendrix អ្នកជំនាញខាងវិស័យយោធាជើងទឹក បានគូសបញ្ជាក់ថា ការបណ្តាក់ទុនវិនិយោគទ្រង់ទ្រាតធំ នៅក្នុងឧស្សាហកម្មផលិតនាវាអាមេរិក គឺចាំបាច់បំផុតក្នុងការផ្ញើសារ ទៅកាន់មហាអំណាចពិភពលោកដទៃៗទៀត កុំឲ្យចង់សាកល្បងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក នៅក្នុងផ្ទៃសមុទ្រឲ្យសោះ។
ដោយឡែក បើបរាជ័យក្នុងការធ្វើដូច្នោះ នឹងជំរុញឲ្យបណ្តាប្រទេសមហាអំណាចពិភពលោកផ្សេងទៀត ដើរប្រាប់ប្រទេសដទៃៗថា កងទ័ពអាមេរិកមិនអាចពឹងផ្អែកបាននោះឡើយ ដើម្បីធានាពីសុវត្ថិភាពផ្លូវទឹករបស់ពួកគេ។ ម៉្យាងវិញទៀត យោងតាមវិទ្យាស្ថានផ្នែកសន្តិសុខ និងវិស័យការពារជាតិ Royal United Services មានមូលដ្ឋាននៅចក្រភពអង់គ្លេស ការពង្រីកទំហំកងនាវាយោធារបស់សហរដ្ឋអាមេរិក ក៏កំពុងជំរុញឲ្យប្រទេសដទៃៗទៀត បង្កើនល្បឿនការផលិតនាវារបស់ពួកគេផងដែរ ដើម្បីតាមឲ្យទាន់ទីក្រុងវ៉ាស៊ីនតោន ដែលប្រការនេះនាំទៅរកការកើនឡើង នៃមហាអំណាចលើផ្ទៃសមុទ្រកាន់តែច្រើនឡើង។
តួយ៉ាង កងទ័ពជើងទឹកចិន កំពុងតែខិតខំសម្រេចមហិច្ឆតាក្នុងការបង្កើនចំនួននាវាចម្បាំង ឲ្យដល់ ៥០០គ្រឿង រួមមានទាំងនាវាមុជទឹក, នាវាដឹកយន្តហោះចម្បាំង, នាវាចម្បាំង, និងនាវាពិឃាតជាដើម៕
ដកស្រង់ពី៖ Fresh News