ទីក្រុងប៉េកាំង «ថយចុះចំនួនប្រជាជនជាលើកដំបូង ក្នុងរយៈពេល ២០ឆ្នាំ» ប៉ុន្តែនៅតែច្រើនជាងគេជាងឯង!
- Details
- Category: International News
(ប៉េកាំង)៖ ចំនួនប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំង បានថយចុះជាលើកដំបូង នៅក្នុងអំឡុងពេល ២ទសវត្សរ៍កន្លងនេះ ពោលគឺមកនៅត្រឹម ២១.៧លាននាក់ កាលពីឆ្នាំ២០១៧។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅល្ងាចថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨។ បើតាមអាជ្ញាធរទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិននេះ មានចំនួនប្រជាជនថយចុះក្នុងអត្រា ០.១ភាគរយ កាលពីឆ្នាំ២០១៧ ពោលគឺមានចំនួនប្រជាជនរស់នៅជាអចិន្រ្តៃយ៍ ក្នុងទីក្រុងដ៏ធំនេះប្រមាណ ២២,០០០នាក់ តិចជាងឆ្នាំ២០១៦។
យ៉ាងណាមិញ សរុបមកនាឆ្នាំទៅមិញ ចំនួនប្រជាជនចិន នៅក្នុងរដ្ឋធានីប៉េកាំងប្រមាណ ២១.៧លាននាក់នោះ គឺច្រើនជាងចំនួនប្រជាជន នៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស និងទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក រួមបញ្ជូលគ្នាទៅទៀត។
គួរជម្រាបថា ទីក្រុងប៉េកាំង គ្រោងនឹងកំណត់ចំនួនប្រជាជនរបស់ខ្លួន ឲ្យនៅត្រឹមចំនួន ២៣លាននាក់ នាឆ្នាំ២០២០ ដើម្បីដោះស្រាយបញ្ហាធំៗមួយចំនួន រួមមានការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានជាដើម។ ដោយឡែកចិន ដែលជាប្រទេស មានចំនួនប្រជាជនច្រើនជាងគេបង្អស់នៅលើពីភពលោកនោះ គិតមកទល់ពេលនេះមានចំនួនប្រជាជនសរុបជិត ១.៤ពាន់លាននាក់ ខណៈតាមពីក្រោយដោយឥណ្ឌា (ជាង ១.៣ពាន់លាននាក់)៕
ដកស្រង់ពី៖ Fresh News