ប្រធានាធិបតីគុយបា៖ «សហរដ្ឋអាមេរិកគ្មានអំណាចឬភាពត្រឹមត្រូវអ្វី ដែលត្រូវមករិះគន់ផ្នែកសិទ្ធិមនុស្សរគុយបាឡើយ»
- Details
- Category: International News
(គុយបា)៖ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) បានព្រលះ សហរដ្ឋអាមេរិកធ្ងន់ៗថា ជាមេរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក ដែលគ្មានអំណាច ឬសិទ្ធិខាងសីលធម៌អ្វី មករិះគន់បញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេស របស់លោកនោះទេ។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។ លោក Diaz-Canel ធ្វើការកត់សម្គាល់បែបនេះនៅលើ Twitter ផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃអង្គារសប្ដាហ៍នេះ។
ប្រធានាធិបតីគុយបារូបនេះ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកគ្មានអំណាច ឬសិទ្ធិខាងសីលធម៌អ្វី មកនិយាយពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសគុយបានោះទេ ព្រោះនរណាៗក៏ដឹងដែរថា អាមេរិកមានគោលជំហរពុតត្បត់ មិនចេះខ្មាសអៀន និងចូលចិត្ត អនុវត្តន៍ស្ដង់ដារពីរ។ លើសពីនេះទៅទៀត ប្រទេសមួយនេះ បានរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក តាមរយៈការលក់អាវុធ និងធ្វើសង្រ្គាម»។
គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក Miguel Diaz-Canel កើតមានឡើងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ចោទប្រកាន់អាជា្ញធរគុយបាថា បានរំលោភសិទ្ធិមនុស្ស លើអ្នកទោសនយោបាយនៅក្នុងប្រទេស។ ម្យ៉ាងវិញទៀត ការចោទប្រកាន់នេះទៀត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចចិត្តបិទ ការិយាល័យអន្តោប្រវេសន៍ (Citizenship and Immigration Service office) ក្នុងទីក្រុងឡាហាវ៉ាន់ ដោយសារតែគ្មានភាពជឿនលឿន នៃការធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនង រវាងប្រទេសទាំងពីរ៕
ដកស្រង់ពី៖ Fresh News