Facebook និង Twitter លុបគណនី និងទំព័ររាប់រយដោយគ្រាន់តែសង្ស័យថា ពាក់ព័ន្ធការពង្រីកឥទ្ធិពលអ៊ីរ៉ង់ វេណេស៊ុយអេឡា និងរុស្ស៊ី
- Details
- Category: International News
(វ៉ាស៊ីនតោន)៖ បណ្ដាញទំនាក់ទំនង សង្គមយក្សអាមេរិក Facebook និង Twitter បានឱ្យដឹងថា ខ្លួនបានបិទ ឬលុបចោលគណនី និង Pages រាប់រយដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការ ពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់ វេណេស៊ុយអេឡា និងរុស្ស៊ី។
នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅលើប្លុកមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាយកគោលនយោបាយ សន្តិសុខព័ត៌មានវិទ្យារបស់ Facebook លោក ណាថានីញ៉ែល ឃ្លៃឆឺ (Nathaniel Gleicher) បានបញ្ជាក់ថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ បានលុបចោល ទំព័រ (pages), គណនី និង groups សរុបចំនួន ៧៨៣ ក្នុងនោះមានជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ក្នុងនោះមាន ២៦២ ជា Pages, ៣៦៥ ជាគណនីបុគ្គល និង groups នានាចំនួន ០៣ ហើយក៏បូករួម ទាំងគណនីចំនួន ១៦២ នៅលើ Instagram ផងដែរ។
លោក Gleicher បានបន្ថែមថា pages ទាំងអស់នេះបានចំណាយប្រាក់ ៣០,០០០ដុល្លារ ក្នុងការផ្សាយពាណិជ្ជម្ម និងមានអ្នក Liked សរុបជាង ២លាននាក់។ ដោយឡែកជុំវិញវិធានការដូចគ្នានេះដែរ ក្រុមហ៊ុន Twitter បានបិទគណនីចំនួន ២,៦១៧ មានជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ខណៈ ៤១៨ មកពីរុស្ស៊ី និង ១,៩៦០គណនីទៀត គឺនៅក្នុងប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា បើតាមលោក Gleicher គណនី និង Pages ដែលត្រូវបានបិទ និងលុបចេញភាគ គឺសុទ្ធតែមានជាប់ទាក់ទិននឹង យុទ្ធនាការ ពង្រីកឥទ្ធិពលរបស់ រុស្ស៊ី អ៊ីរ៉ង់ និងវេណេស៊ុយអេឡា ព្រមទាំងចូលរួមចំណែក លើកកម្ពស់ព័ត៌មានមិនពិត និងមិនបង្ហាញ ឬបំភ័ន្ដ ពីអត្តសញ្ញាណពិតរបស់ខ្លួន៕
ដកស្រង់ពី៖ Fresh News