សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ជាបណ្ដោះអាសន្ន
- Details
- Category: National News
ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទ កាស៉ីណូទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ជាបណ្ដោះអាសន្ន រហូតមានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ។
ការដាក់ចេញនូវបទបញ្ជា បិទកាស៉ីណូ នៅទូទាំងប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញ ថ្លែងសារសំខាន់មួយ ជូនជនរួមជាតិ បន្ទាប់ពីរដ្ឋសភាជាតិ បើកសម័យប្រជុំ ដើម្បីបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង និងកែសម្រួល សមាសភាព រាជរដ្ឋាភិបាលកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា មូលហេតុដែលសម្ដេច ទុករយៈពេលប៉ុន្មានថ្ងៃ ទើបសម្រេចឲ្យបិទ ជាបណ្ដោះអាសន្ន កាស៉ីណូ នៅទាំងប្រទេស គឺដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ម្ចាស់កាស៉ីណូ រៀបចំ បើកប្រាក់ខែ តាមការកំណត់ជូន បុគ្គលិកទាំងអស់របស់ខ្លួន ។
សម្ដេច បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលបិទ ជាបណ្ដោះអាសន្ននេះ រដ្ឋមិនយកពន្ធ លើអាជីវកម្មនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ យ៉ាងដូច្នេះថា « ចេញបទបញ្ជាបិទ កាស៉ីណូទាំងអស់ ចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០តទៅ ។ ហេតុអ្វីបានជាយើង ត្រូវទុកពេលទៅដល់ថ្ងៃទី០១ ខែមេសា មិនចូលជាធរមាន នៅយប់នេះតែម្ដង បញ្ហាមិនស្ថិតនៅ ត្រង់អ្នកលេងល្បែងទេ ស្ថិតនៅត្រង់បញ្ហាថៅកែ កាស៉ីណូ ត្រូវដោះស្រាយ ចំពោះកម្មកររបស់ ពួកគេយ៉ាងណា ព្រោះប្រសិនបើបិទភ្លាមថៅកែ កាស៉ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវ បញ្ហាបុគ្គលិក កម្មករ ដែលត្រូវព្យួរ ការងារអំពីការបិទនេះ » ។
បើតាមប្រសាសន៍ របស់សម្ដេច តេជោនាយករដ្ឋមន្ដ្រី ការដាក់បទបញ្ជារបស់សម្ដេច មិនមែនធ្វើតាមការអំពាវនាវ របស់បុគ្គលណានោះទេ ពោលរាជរដ្ឋាភិបាល បានគិតច្បាស់លាស់ណាស់ ទើបចេញវិធានការនីមួយៗ ដើម្បីទប់ស្កាត់ការ និងជៀសវាងនូវផលប៉ះពាល់ ធ្ងន់ធ្ងរដោយ សារការរីករាលដាល ជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ។
សូមជម្រាបថា នៅថ្ងៃនេះក្រសួង សុខាភិបាលកម្ពុជា បានរកឃើញអ្នក ឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ ០៤នាក់ បន្ថែមទៀត ខណៈអ្នកជាសះស្បើយ ពីជំងឺកូវីដ ១៩ សរុបកើនដល់ចំនួន ២៣នាក់ និងកំពុងសម្រាកព្យាបាល ៨៤នាក់ នៃអ្នកឆ្លងសរុប ១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ។
ដោយឡែក សម្រាប់អ្នក ជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាល ជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើ តេស្តចំនួន ២លើកឃើញថា លទ្ធផលអវិជ្ជមាន ទាំងពីរលើក ។ អ្នកទាំងពីរត្រូវបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ ៕