Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​គ្រោង​ដាក់​ខេត្តសៀមរាប​ជា​តំបន់​រមណីយដ្ឋាន​គ្មាន​កូ​វី​ដ​-19

  • Print

ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយអភិបាលខេត្ត កំពុងតែពិចារណានិងគ្រោងស្នើទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដើម្បីប្រកាសដាក់ខេត្តសៀមរាប ជាតំបន់រមណីយដ្ឋានដែលគ្មានកូវីដ-១៩(COVID-19 Free) ។ នេះបើយោងតាមការថ្លែងឲ្យដឹងពីសំណាក់លោក ពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប ។

លោក ពៅ ពិសិទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីមានការផ្សព្វផ្សាយនូវវិធានការថ្មីៗក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីធានាឲ្យមានសុវត្ថិភាពដល់អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប យើងឃើញថា ខេត្តសៀមរាបបានចូលដល់ដំណាក់កាលមួយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្ត កំពុងពិចារណាគ្រោងប្រកាសដាក់ខេត្តនេះជាតំបន់រមណីយដ្ឋានកូវីដ-១៩ ហ្វ្រ៊ី (COVID-19 Free) មានន័យថា ជាតំបន់រមណីយដ្ឋានទេសចរណ៍ដែលគ្មានកូវីដ-១៩ ព្រោះថា ករណីនេះយើងបានផ្អែកលើមូលដ្ឋានធំៗជាច្រើន ។

ប៉ុន្តែ ការគ្រោងប្រកាសតំបន់សៀមរាបអង្គរ ជាតំបន់រមណីយដ្ឋានកូវីដ-១៩ហ្វ្រ៊ី(COVID-19 Free) នោះគ្រាន់តែក្នុងន័យពិចារណាប៉ុណ្ណោះ ព្រោះថាយើងត្រូវស្នើទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន និងឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីពិនិត្យសម្រេច។

លោក ពៅ ពិសិទ្ធ បានឲ្យដឹងថា មូលដ្ឋានធំៗដែលយើងត្រូវលើកជាអំណះអំណាង ក្នុងការប្រកាសដាក់តំបន់សៀមរាបអង្គរ ជាតំបន់រមណីយដ្ឋានដែលគ្មានកូវីដ-១៩ ដោយសារថា ក្នុងដំណាក់កាលនៃការទប់ស្កាត់ជំងឺរាលដាលកូវីដ-១៩នេះគឺ

៖ ទី១-អាជ្ញាធរខេត្តសៀមរាបបានធ្វើយ៉ាងម៉ត់ចត់ជាទីបំផុត ទាំងមន្ទីរសុខាភិបាលខេត្តក៏បានព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ បានជាសះស្បើយ១០០%ផងដែរ ។

ទី២-ការគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសថៃ ក៏រៀបចំគ្រប់គ្រងបានពេញលេញបំផុត ដោយយើងមានក្រុមការងារប្រចាំតាមច្រកព្រំដែនទាំងអស់ ដើម្បីនាំបងប្អូនពលករមកធ្វើចត្តាឡីសក័ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកអភិបាលរងខេត្តបន្តទៀតថា ក្រៅពីមូលដ្ឋានធំៗទាំង២ខាងលើ អាជ្ញាធរខេត្តនូវបាន បង្កើតគណៈកម្មការថ្នាក់ខេត្តមួយទៀត ដែលមានរូបលោកជាប្រធាន និងមន្ទីរទេសចរណ៍ ខេត្ត ជាលេខាធិការដ្ឋាន ដើម្បីអនុវត្តនូវវិធានការទាំង៦គោលដៅ នៃសេវាកម្មទេសចរណ៍ ក្នុងការធ្វើឲ្យមានការជឿទុកចិត្តពីភ្ញៀវទេសចរ ។

តាមការបញ្ជាក់របស់លោក ពៅ ពិសិទ្ធ គណៈកម្មការថ្នាក់ខេត្តនេះ ត្រូវបានបែងចែកជា៣ក្រុមគោលដៅគឺ ៖ ក្រុមទី១-ផ្នែកអាជីវកម្ម សេវាកម្មស្នាក់នៅភោជនីយដ្ឋាន ក្រុមទី២-ផ្នែករមណីយដ្ឋានទេសចរណ៍ និងទីតាំងគោលដៅទេសចរណ៍ និង ក្រុមទី៣-ផ្នែកដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ។

គោលដៅទាំងនោះសុទ្ធតែមានលិខិតបទដ្ឋានជាច្រើន ដើម្បីផ្សព្វផ្សាយតាមកន្លែងនីមួយៗ សម្រាប់ជាការអប់រំណែនាំភ្ញៀវទេសចរដែលទៅកាន់កន្លែងនោះអនុវត្តតាម ។

យ៉ាងណាក៏ដោយ លោកអភិបាលរងខេត្តបានបញ្ជាក់ថា រាល់វិធានការខាងលើយើងនឹងចាប់ផ្តើមអនុវត្តយ៉ាងយូរនៅចុងខែកក្កដានេះ ដោយលោកអះអាងថា រាល់ចំណុចធំៗខាងលើនេះ គឺជាមូលដ្ឋានដែលយើងអាចនឹងប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ មានការជឿជាក់លើការរៀបចំ ក៏ដូចជាវិធានការរបស់អាជ្ញាធរខេត្តសៀមរាប ក្នុងការធានាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក ពៅ ពិសិទ្ធ ថែមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមអញ្ជើញមកទស្សនាខេត្តសៀមរាបឲ្យកាន់តែច្រើនថែមទៀតព្រោះថា ភ្ញៀវបរទេសគេបានចំណាយពេលវេលា ហើយហោះមកពីប្រទេសជាង១០០លើសកលលោក មកទស្សនាប្រាសាទអង្គរវត្ត ដែលជាកេរមរតកដូនតារបស់យើង ។

ចុះយើងជាកូនខ្មែរ ហេតុអី្វដែលមិនចំណាយពេលវេលាមកទស្សនាប្រាសាទអង្គរវត្ត ដែលជាសម្បត្តិមហាសាលរបស់ខ្មែរ និងជាសម្បត្តិអច្ឆរិយៈលើលោក។

លោកអភិបាលរងខេត្តបញ្ជាក់ថា ការមកទស្សនាប្រាសាទអង្គរវត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ជាការបង្ហាញនូវស្មារតីស្នេហាជាតិ របស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗផងដែរ ព្រោះថា មរតកដូនតាខ្មែរនេះមានតម្លៃខ្លាំងណាស់សម្រាប់ជាតិខ្មែរយើង រួមទាំងគ្រប់ជាតិសាសន៍លើសកលលោកថែមទៀត ។

ដូច្នេះសូមបងប្អូនខ្មែរទាំងអស់ ត្រូវតាំងចិត្តថាមួយជីវិតត្រូវតែមកស្គាល់ មកទស្សនាអង្គរវត្តឲ្យបានគ្រប់ៗគ្នា ៕

ដកស្រង់ពី៖ កោះសន្តិភាព