Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋដែលមកពីក្រៅប្រទេស ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។

ជាងនេះទៅទៀត សម្តេចបានអំពាវនាវដល់ ពលរដ្ឋដែលទើបមកពីក្រៅប្រទេសទាំងអស់ ឱ្យអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពឱ្យបានល្អ ជាពិសេសកុំឱ្យឆ្លងជំងឺកូវីដ-១៩។

ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកឱ្យចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។

នៅផ្សាររដ្ឋ និងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសគ្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានជែល ឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់»។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ចំពោះបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាតឱ្យទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន ១៤ថ្ងៃ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។

ជូនពរបងប្អូនជួបតែសំណាងល្អ នឹងបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ គ្រប់ៗគ្នា»។ រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១៤១ករណី ក្នុងនោះមានអ្នកជំងឺ១៣១នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ខណៈដែលអ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ករណីឆ្លងថ្មីចុងក្រោយទាំងអស់ គឺសុទ្ធសឹងជាករណីនាំចូល បន្ទាប់ពីមានការហោះហើរពីប្រទេសមួយចំនួនមកកាន់ប្រទេសកម្ពុជាឡើងវិញ។

គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃអង្គារ ទី ០៧ ខែកក្កដា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១១,៧៦៩,៦០០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៥៤១,៤៨៨នាក់បានស្លាប់បាត់បង់ជីវិត និង ៦,៧៦៣,៥៥១នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។

ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨០ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៧៦៕

ដកស្រង់ពី៖ Fresh News