Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីជំនាញបង្កើនការចុះណែនាំដល់អ្នកប្រកបមុខរបរលក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាសឱ្យយល់ដឹងពីរបៀបបង្ការ និងទប់ស្កាត់ហានិភ័យ

  • Print

(ភ្នំពេញ)៖ ឧត្តមសេនីយឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកស្នងការរង, ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំជាប្រចាំ ដល់អ្នកប្រកបមុខរបរដែលងាយរងគ្រោះដូចជាស្ថានីយ៍លក់ប្រេង ទីតាំងលក់ និងបញ្ចូលហ្គាស ជាពិសេសទីតាំងដែលងាយរងគ្រោះផ្សេងៗទៀត ហើយទាំងនោះគួរតែមានបំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះបឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើងជាយថាហេតុ។

ការណែនាំបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការ ចុះអនុវត្តត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីណែនាំ អប់រំ និងផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល

និងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដើម្បីរៀបចំប្រែក្លាយ ទីកន្លែងទាំងនោះទៅជាភោជនីយ៍ដ្ឋានចូលរួមសហការគ្នា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការ បានកើតឡើង ក្រោយមានហេតុការណ៍អគ្គិភ័យឆេះផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ ដោយបានសម្លាប់មនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្នុងឱកាសនោះដែរលោក លោកស្រីស្នងការរង លោកអធិការនគរបាលខណ្ឌទាំង១៤ បានចូលរួមមតិយោបល់ ផ្តល់របាយការណ៍ ចាត់វិធានការចុះត្រួតពិនិត្យជាប្រចាំ តាមគ្រប់ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ដើម្បីឱ្យមានភាពច្បាស់កាស់ថា ក្លឹបទាំងនោះបើបើកដំណើរការត្រូវតែកែប្រែទៅជាភោជនីយ៍ដ្ឋាន ដោយគោរពតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកស្នងការ បានផ្តល់មតិណែនាំជាច្រើនដល់បណ្តាអធិការខណ្ឌទាំងអស់ ត្រូវតែរៀបចំកម្លាំងចុះត្រួតពិនិត្យជាប្រចាំតាមគ្រប់ទីតាំក្លឹបកំសាន្ត ខារ៉ាអូខេ ចៀសវាងការលួចបើកដោយផ្ទុយនឹងសេចក្តីណែនាំ ដែលអាចបង្កឱ្យមានការឆ្លងរាលដាលវីរុសកូវីដ១៩។

ចំណែកឯករណីគ្រឿងញៀនវិញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ទោះជាមួយរយៈពេលកន្លងមកនេះការិយាល័យជំនាញ បានស្រាវជ្រាវ និងបង្ក្រាបបានជាចច្រើនករណី និងជាច្រើនទីតាំង ដែលបានលួចលាក់ប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

លោកស្នងការ បានសង្កត់ធ្ងន់លើបញ្ហានេះដល់ការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវតាមដានស្រាវជ្រាវរកមុខសញ្ញា និងទីតាំងដែលជួញដូរគ្រឿងទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ។

បន្ថែមពីនេះលោកស្នងការ ក៏បានណែនាំដល់ស្នងការរង និងអធិការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានាដែលកើតមានឡើង៕

ដកស្រង់ពី៖ Fresh News