Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកា៩០០លានដុល្លារ រៀងរាល់៥ឆ្នាំម្ដង ដើម្បីអនុវត្តគម្រោងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ (Video inside)

  • Print

(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ដ្រា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានទម្លាក់នូវកញ្ចប់ថវិកាប្រមាណ ៩០០លានដុល្លារសហរដ្ឋអាមេរិក រយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។

ថវិកាទាំងនេះ បានបង្កើនរហូតដល់៤ដង បើធៀបនឹងប៉ុន្មានឆ្នាំមុន។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ស្ដីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» លោក នេត្រ ភត្ដ្រា តាមរយៈកញ្ចប់ថវិកានេះ រាជរដ្ឋាភិបាលបានទម្លាក់ឲ្យក្រសួង និងស្ថាប័ន ចំនួន១៤ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា តាមរយៈការបង្កើននូវកញ្ចប់ថវិកានេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុនេះ។

លោកថា ការប្រែប្រួលអាកាសធាតុនេះ បានជះផលប៉ះពាល់យ៉ាងច្រើនដូចជា ទឹកជំនន់ ការរាំងស្ងួត ខ្យល់ព្យុះជាដើម។

លោក នេត្រ ភត្ដ្រា បានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ កម្រិតនៃថវិកា គឺបានបង្កើនរហូតដល់៤ដង មានន័យថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ បញ្ហាផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុនេះ។ ថវិកា៩០០លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ក្នុងគម្រោងដែលយើងធ្វើជាមួយក្រសួងស្ថាប័ន១៤នេះ គឺមានអនុគម្រោងជាច្រើនទៀត នៅក្រោមចំណុះនេះ»។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន កញ្ចប់ថវិកានេះបានដោះស្រាយរួមនូវអ្វីដែលជាផលប៉ះពាល់។ លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើកើតមានទឹកជំនន់ ដែលបង្កបំផ្លាញផ្លូវ ថ្នល់ ដូច្នេះត្រូវការកញ្ចប់ថវិកាដើម្បីជួសជុលឡើងវិញ។ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ អ្នកដែលមានបញ្ហារាំងស្ងួត ខូចខាតនូវផលដំណាំស្រូវ គឺត្រូវការប្រើប្រាស់ថវិកាទាំងនេះ ដើម្បីបូមទឹក ឬចំណាយផ្សេងដើម្បីជួយពួកគាត់។

ជាមួយគ្នានេះ លោក នេត្រ ភត្ដ្រា បានបន្ថែមថា គម្រោងថវិកានេះនឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំម្ដង ក្នុងនោះរាជរដ្ឋាភិបាល ក៏បានអំពាវនាវឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ផ្សេងៗផងដែរ។

គម្រោងការបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុនេះ នឹងត្រូវអនុវត្តបន្ដរហូតដល់ឆ្នាំ២០៣០ ទើបបញ្ចប់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ដ្រា ក៏បានពន្យល់ដែរថា ការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាពីរយ៉ាង៖

*កត្តាធម្មជាតិ (Natural Climate Change)៖ កើតឡើងដោយសារដំណើរការធម្មជាតិមានអន្តរទំនាក់ទំនង ជាមួយប្រព័ន្ធព្រះអាទិត្យដូចជាវដ្តទឹក និង ថាមពល ការផ្លាស់ប្តូរនៃចលនាអ័ក្សផែនដី កម្រិតប្រែប្រួលនៃពន្លឺព្រះអាទិត្យ ចរន្តទឹកសមុទ្រ និងបន្ទុះភ្នំភ្លើង។ល។ ប៉ុន្តែបាតុភូតទាំងនេះមានភាពយឺតយ៉ាវ និងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

*កត្តាមនុស្ស (Anthropogenic Climate Change)៖ ការប្រែប្រួលអាកាសធាតុបណ្តាលមកពីសកម្មភាពមនុស្សកើតមានឡើង ចាប់ពីការរីកចម្រើន នៃបដិវត្តឧស្សាហកម្ម ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៨០០ ដែលកត្តានេះបណ្តាលមកពីការកើនឡើង នៃការដុតប្រេងឥន្ធនៈផូស៊ីល (ការបញ្ចេញឧស្ម័នកាបូនិច)។

ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៣០ និង១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញនូវលទ្ធផល នៃការសិក្សាស្រាវកាន់តែច្បាស់ និងអាចជឿជាក់បាន គឺការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ដោយសារសកម្មភាពមនុស្សដែលទាមទារឲ្យពិភពលោកចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាសកលនេះ។

បើតាមលោក នេត្រ ភត្ដ្រា បានអះអាងថា ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុ ជាក់ស្តែងតំបន់ខ្លះ មានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យជន់លិចបង្កជាទឹកជំនន់ តំបន់ខ្លះទៀតមានភ្លៀងធ្លាក់តិចតួច បង្កឲ្យមានភាពរាំងស្ងួត។ កំណើននីវ៉ូទឹកសមុទ្រកើតឡើង ការជ្រាបចូលនៃទឹកប្រៃក្នុងប្រព័ន្ធទឹកសាប៕

 

ដកស្រង់ពី៖ Fresh News