Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​លោក វ៉ា គឹ​ម​ហុង ចុះ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា​បាត់បង់​ដី​តាម​ព្រំដែន​ពី​លោក​វ៉ា គឹ​ម​ហុង

  • Print

រាជធានីភ្នំពេញ ៖ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ចុះទៅជួបពលរដ្ឋណាដែលបានអះអាងថា បានបាត់បង់ដីធ្លី នៅតាមបន្ទាត់ព្រំដែនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការពិត និងធ្វើការពន្យល់ទៅពលរដ្ឋឲ្យបានដឹងតាមបច្ចេកទេស ដែលអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានធ្វើកន្លងមក ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងកាលពីទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦ មានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ ក្នុងចូលរួម ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ ។

ស្ថាប័ននេះ មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល ។

លោក ឈឹម ផលវរុណ បញ្ជាក់នៅក្រោយកិច្ចប្រជុំព្រឹកមិញថា បញ្ហាព្រំដែនជាប្រធានបទសំខាន់មួយនៅក្នុងការប្រជុំនោះ ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋណាដែលមានមន្ទិលរឿងព្រំដែនថា បាត់ដី សូមជួប និងបង្ហាញលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដើម្បីស្រាវជ្រាវរកការពិត ។

ជាមួយគ្នានេះ លោក ឈឹម ផលវរុណ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដដែលនោះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យគណៈរដ្ឋមន្ត្រីរៀបចំវេទិកា ដើម្បីទទួលប្រជាពលរដ្ឋ ចូលមកស្តាប់បទបង្ហាញលើការងារព្រំដែននេះផ្ទាល់ នៅទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ។

បញ្ហាព្រំដែននៅតែជារឿងរសើបក្នុងសង្គមកម្ពុជា ខណៈដែលការបោះបង្គោលព្រំដែនកម្ពុជានិងវៀតណាម បានជិតបញ្ចប់នៅសល់ប្រមាណ១៤%ទៀតប៉ុណ្ណោះ។

សកម្មជនសិទ្ធិមនុស្ស អ្នកនយោបាយមួយចំនួន ដូចជាលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានចាប់ខ្លួននៅក្នុងរយៈពេលចុងក្រោយនេះ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅក្រោមបទចោទញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីបានលើកឡើងពីបញ្ហាព្រំដែននេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព