Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីការពារជាតិ ប្រកាសមិនអត់ឱនក្រុមជ្រុលនិយម ដែលចោទរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនថា «ក្បត់ជាតិ» នោះឡើយ

  • Print

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសដាច់ខាតមិនលើកលែង ចំពោះក្រុមជ្រុលនិយម ណាមួយដែលញុះញង់ និងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា «ក្បត់ជាតិ លក់ដីឱ្យវៀតណាម» នោះឡើយ ខណៈដែលរាជរដ្ឋាភិបាល បាន និងកំពុងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលអូសអន្លាយរាប់សតវត្សជាមួយប្រទេសជិតខាង ដើម្បីកសាងជាព្រំដែនសន្តិភាព និងពាណិជ្ជកម្ម។

ការព្រមានធ្ងន់ៗបែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្រោយក្រុមអ្នកនយោបាយជ្រុលនិយមមួយក្តាប់តូច បានបំផុសញុះញង់ឱ្យប្រជាពលរដ្ឋប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបាន ចុះកិច្ចព្រមព្រៀងទទួលស្គាល់ការបោះបង្គោលព្រំដែនរវាងកម្ពុជា- វៀតណាម ដែលសម្រេចបាន ៨៤ភាគរយ និងរៀបចំប្រគល់- ទទួលផែនទី ឋានលេខាព្រំដែនគោក ខ្នាត១/២៥០០០ មកប្រើប្រាស់ ដូចគ្នាជាមួយភាគីវៀតណាម។'

ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្រោយបញ្ចប់ពិធីប្រគល់ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះ៖ «ឥឡូវនេះយើងធ្វើកិច្ចការងារនេះបានយ៉ាងល្អជាទីបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលយើង មិនធ្លាប់មានទេ។

ការដែលរៀបចំបោះបានផែនទីមួយខ្នាត ១/២៥០០០ នេះ គឺវាជាជោគជ័យមួយដ៏ធំណាស់ សម្រាប់ឯកសារជាតិ របស់យើងមួយដែលមានសារសំខាន់ដ៏ធំធេងជាទីបំផុត»។

សម្តេចបានបន្ថែមថា «គឺខ្ញុំមិនអាចអត់ឱនទេចំពោះអ្នកមួយចំនួនដែលចោទប្រកាន់ថា ការផលិត និងបោះពុម្ពផែនទីខ្នាត ១/២៥០០០ បែរជាការចោទថាការនេះធ្វើឱ្យបាត់ប្រទេសបាត់ទឹក បាត់ដីជាដើមនេះ មិនអាចអត់ឱនឱ្យបានជាដាច់ខាត ព្រោះនេះជារឿងដ៏ខាន់បំផុត របស់ប្រទេសជាតិយើងដែលទទួលបានជោគជ័យដ៏ធំធេងនេះទម្រាំបានផែនទីនេះទុកជាឯកសារសម្រាប់ប្រើប្រាស់នេះ វាមានការលំបាកណាស់ ហើយក៏មិនមែនជាភាពងាយស្រួលនោះទេ»។

សម្តេចបានចោទជាសំណួរថា «ប្រទេសកម្ពុជាមិនមែនមានបញ្ហាព្រំដែនតែជាមួយតែប្រទេសវៀតណាមមួយទេ ចុះហេតុអ្វី បានជាក្រុមប្រឆាំងទាំងអស់នោះមិនលើកមកនិយាយ?

ប៉ុន្តែនៅពេលដែល រាជរដ្ឋាភិបាលធ្វើការលើបញ្ហាព្រំដែនតាមផ្លូវច្បាប់ យ៉ាងម៉តចត់ ជាមួយប្រទេសវៀតណាម បែរជាក្រុមប្រឆាំងទាំងអស់នោះ លើកយកមកចោទប្រកាន់ថា "ជាជនក្បត់ជាតិ កាត់ដីឱ្យទៅប្រទេសវៀតណាម" អ្វីដែលកាន់តែធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននោះ គឺចោទថា រាជរដ្ឋាភិបាល បានលក់ដីឱ្យទៅវៀតណាមទៅវិញ»។

ការបោះពុម្ពផែនទី ឬបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មិនងាយស្រួលនោះទេ គឺត្រូវតែមានការឯកភាពគ្នា ឱ្យបានច្បាស់លាស់ជាដើម ដូច្នេះចំពោះការចោទប្រកាន់ទាំងងងឹតងងុល របស់ក្រុមប្រឆាំង មិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ក្នុងនាមជាអ្នកដឹកនាំនោះទេ។ នេះជាការបញ្ជាក់បន្ថែមរបស់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា។

កម្ពុជា-វៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងសរុប ១,២៧០គីឡូម៉ែត្រ ដែលបាន និងកំពុងរៀបចំបោះបង្គោលព្រំដែន និងខណ្ឌសីមា ដែលពេលនេះ បានសម្រេចប្រមាណ៨៤ភាគរយហើយ។

រដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា- វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តថា នឹងដោះស្រាយបញ្ចប់បញ្ហាព្រំដែននេះ ក្នុងពេលឆាប់ៗខាងមុខ។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ។

កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្ពុជា និងវៀតណាម បានរៀបចំពិធីប្រគល់និងទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាសមិទ្ធផល នៃការបោះបង្គោលព្រំដែន៨៤ភាគរយនេះ មកប្រើប្រាស់ផងដែរ។

សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា «ទម្រាំបានឯកភាពគ្នា មានការលំបាកលំប៉ិនណាស់ទៅហើយ បែរជាមកចោទប្រកាន់ទៅជារឿងផ្សេង ដែលប៉ះពាល់ទៅលើផ្លូវច្បាប់ ការធ្វើនេះគឺរដ្ឋាភិបាលបានឆ្លងកាត់តាមផ្លូវច្បាប់ទាំងអស់ ហើយច្បាប់បានអនុញ្ញាតឱ្យធ្វើ

គណៈកម្មាធិការចម្រុះគឺធ្វើតាមច្បាប់ទាំងអស់ ដែលបានអនុម័តទាំងអស់ ដែលបានឆ្លងតាមព្រឹទ្ធសភា បែរជាមកចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ណាសោះ ដូចនេះយើងមិនអាចអត់ឱនឱ្យបានជាដាច់ខាតចំពោះបញ្ហានេះ»។

សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងប្រើប្រាស់វិធានការផ្លូវច្បាប់ ដើម្បីដាក់ទោសចំពោះក្រុមប្រឆាំងជ្រុលនិយម ប្រជាភិថុនិយម ដែលបានចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងស្រុងមិនឈរលើមូលដ្ឋានច្បាប់ ឬការពិតឱ្យសាកសម នឹងអ្វីដែលខ្លួនបានប្រឌិតធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដែលជា ហេតុបង្កឱ្យមានភាពវឹកវរដល់សង្គមជាតិកម្ពុជាជាដើម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ធ្ងន់ធ្ងរមកលើរាជរដ្ឋាភិបាលនេះ កាលពីពេលកន្លងទៅ សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលសកម្ម២រូបនោះ លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ដែលចុះទៅញុះញង់ និងបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីតវ៉ាចំពោះការបោះបង្គោលព្រំដែន។

លោក រ៉ុង ឈុន ត្រូវបានតុលាការឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមាន ភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ខណៈដែលលោក សួង សុភ័ណ្ឌ ត្រូវបានតុលាការឃុំខ្លួន ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យមានភាពវឹកវរ និងបង្ករអសន្តិសុខ ដល់សង្គមជាតិ ហើយសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕

ដកស្រង់ពី៖ Fresh News