Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផែនការ​នាំ​ចេញ​អង្ករ​៨០​ម៉ឺន​នៅ​ឆ្នាំ​នេះ​សម្រេច​ដែរ​ទេ ខណៈ​៨​ខែ​ទើបតែ​បាន​ជាង​៤៤​ម៉ឺន​តោន ?

  • Print

រាជធានីភ្នំពេញ ៖ កាលពីពីរ ឬបីខែមុននេះ សហព័ន្ធស្រូវអង្ករកម្ពុជារំពឹងថាក្នុងឆ្នាំ ២០២០ កម្ពុជាអាចនឹងនាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានយ៉ាងហោចណាស់៨០ម៉ឺនតោន ដោយឈរលើសន្ទុះនៃការនាំចេញក្នុងរយៈពេលកន្លះឆ្នាំ ២០២០ ។

បើតាមរបាយការណ៍កន្លងមក ក្នុងរយៈពេល៦ខែដើមឆ្នាំ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានប្រ មាណជាង៣៩ម៉ឺនតោន ដែលមានកំណើនខ្ពស់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ ។

តាមរយៈកំណើននេះ សហព័ន្ធស្រូវអង្ករនិងមន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏បានរំពឹងថាឆ្នាំ ២០២០នេះ យ៉ាងហោចណាស់ក៏កម្ពុជាអាចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ៨០ម៉ឺនតោនដែរ ។

ក៏ប៉ុន្តែបើក្រលេកមកមើលតួលេខនៃការនាំចេញអង្ករក្នុងរយៈពេល៨ខែនេះឃើញថាទើបតែនាំចេញបានជាង៤៤ម៉ឺនតោនប៉ុណ្ណោះ ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម អោយដឹងថា ក្នុងខែសីហា២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង២២ពាន់តោន ធៀបនឹងខែសីហាឆ្នាំមុន មានការថយចុះដល់ទៅ៣៤,៩៧ភាគរយ ។

ដូច្នេះនៅសល់៤ខែទៀត រហូតដល់ដាច់ឆ្នាំ តើកម្ពុជាអាចនឹងសម្រេចបានការនាំចេញ៨០ម៉ឺនតោនដែរទេ ? បើតាមលោកលន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ផែនការនាំចេញអង្ករទៅកាន់ទីផ្សារបរទេស៨០ម៉ឺនតោន ក្នុងឆ្នាំ២០២០នេះ នៅមិនទាន់ដឹងថាបានឬមិនបាននៅឡើយ ហើយរហូតមកដល់ពេលនេះ ខាងសហព័ន្ធក៏មិនទាន់អាចសន្និដ្ឋានបានៅឡើយ ។

លោកបានបន្តថា « ចាំមើលដល់ដាច់ខែកញ្ញានេះសិនទើបអាចវាយតម្លៃ បានថាតើការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានសម្រេច៨០ម៉ឺនតោន ឬយ៉ាងណា »។

លោកបន្តថា ចំពោះបរិមាណធ្លាក់ចុះនៃការនាំចេញអង្ករទៅកាន់ទីផ្សារក្នុងខែសីហាកន្លងទៅនេះ គឺមិនមានទីផ្សារនាំចេញនោះទេ គឺដោយសារតែអាកាសធាតុ ព្រោះដូចបានដឹងហើយ ក្នុងខែមុនៗនេះ មានគ្រោះរាំងស្ងួតមិនអាចអោយកសិករប្រមូលផលសម្រាប់ស្តុកទុកនិងកិននាំចេញបានហើយស្រូវខ្លះត្រូវខូច ដូច្នេះហើយទើបមិនមានអង្ករដើម្បីនាំចេញ ។

សម្រាប់ទីផ្សារអង្ករកម្ពុជានៅតែមានតម្រូវការដដែល ព្រោះកុងត្រាទិញអង្ករទិញនៅច្រើនតែយើងបានលុបកុងត្រាខ្លះចោលដោយសារតែមិនមានអង្ករផ្គត់ផ្គង់អោយគេ ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២០នេះ អង្ករកម្ពុជាបានចេញទៅកាន់គោលដៅចំនួន៥៩ប្រទេស ក្នុងនោះប្រទេសចិន

ឈរលំដាប់ទី១ មានបរិមាណជាង១៥៩ពាន់តោន លំដាប់ទី២ប្រទេសបារាំងប្រមាណជាង៥៦ពាន់តោន ប្រទេសហ្គាបុង ឈរលំដាប់ទី៣ មានបរិមាណជាង៣៤ពាន់តោន ប្រទេសម៉ាឡេស៊ីលំដាប់ទី៤មានចំនួនជាង២៣ពាន់តោន ប្រទេសអូស្ត្រាលីឈរលំដាប់ទី៥មានចំនួនជាង២០ពាន់តោន ប្រទេសហូឡង់លំដាប់ទី៦មានចំនួន១៨ពាន់តោន

វៀតណាមទី៧មានចំនួនជិត១៣ពាន់តោន ប្រទេសអង់គ្លេសឈរលំដាប់ទី៨មានចំនួនជាង១១ពាន់តោន ប្រទេសប្រុយណេលំដាប់ទី៩ ក្នុងបរិមាណ១០ពាន់តោនកន្លះ និងប្រទេសអេស្ប៉ាញលំដាប់ទី១០មានចំនួនជាង១០ពាន់តោន ៕

ដកស្រង់ពី៖ កោះសន្តិភាព