Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ហេង សំរិន សម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងសិង្ហបុរី

  • Print

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តអំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យ។

ការសម្តែងការពេញចិត្តនេះបានធ្វើឡើង ក្នុងឱកាសម្តេច ហេង សំរិន បានអនុញ្ញាតឱ្យ លោកស្រី ទេវ ឡាយឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភាបន្តទៀត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

សម្តេចបានគំាទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងចាត់ទុកបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។

ប្រធានរដ្ឋសភាកម្ពុជា ក៏បានអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តឲ្យពិចារណារួមគ្នា លើកិច្ចសហប្រតិបត្តិការផេ្សងៗទៀត ស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថា ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ គឺបានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេស បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៉ីជម្រៅថែមទៀត។

លោកស្រី ទេវ ឡាយឆេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការជាមួយ លោកស្រី នាឱកាសនេះ។

លោកស្រីបានគំាទ្រការលើកឡើងរបស់សម្តេច និងបានសន្យាថា និងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ទំាងនៅស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសិង្ហបូរីឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែម៕

ដកស្រង់ពី៖ Fresh News