Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន និងអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឯកភាពពង្រឹងទំនាក់ទំនង សំដៅជំរុញពាណិជ្ជកម្ម និងវិនិយោគ

  • Print

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងជំនួបនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានឯកភាពរួមគ្នាពង្រឹងទំនាក់ទំនង សំដៅជំរុញពាណិជ្ជកម្ម និងការវិនិយោគ។

នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា គឺមានការទាក់ទាញខ្លាំង ហើយអាចជាគំរូ នៃការអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម សម្រាប់ប្រទេសនិយាយភាសាបារាំង។

ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនឹងអ្នកវិនិយោគកម្ពុជា លោកស្រីបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រីថា គឺបានទទួលលទ្ធផលល្អណាស់ មានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សរណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។

លោកស្រីអះអាងថា គោលបំណងរបស់លោកស្រី និងប្រតិភូមកកាន់កម្ពុជា ដែលពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងនិរន្ដន៍តទៅ ហើយដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនេះ គឺជាចំណុចចាប់ផ្ដើម សម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគត។

ចំណុចនេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ជូនចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ប្រតិភូ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះជោគជ័យ នៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាចំណុចស្នូល នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សម្ដេចថា ប្រទេសយើង និងតំបន់យើងមានសក្ដានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដថា ភាគីទាំងពីរគប្បីណារួមគ្នាបង្កឱកាស ដើម្បីចាប់យកសក្ដានុពលទាំងឡាយណាដែលយើងមាន នេះដើម្បីមិនត្រឹមតែពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស

និងតំបន់យើងទាំងពីរទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងនាំទៅដល់ភាពស្ថិតជិតស្និទ្ធផ្នែកនយោបាយ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានជម្រាបជូនលោកស្រីល្វីសថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចតេជោចង់បាន គឺជំរុញការអនុវត្តអាស្តា និងអាស៊ីម ឲ្យទៅចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍នៅតំបន់អាស៊ាន មានដំណើរការប្រក្រតីភាពឡើងវិញ។

គួរជម្រាបថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ជាអង្គការ នៃប្រទេសនិយាយភាសាបារាំង ដែលក្នុងនោះប្រទេសកម្ពុជាជាសមាជិកផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានអញ្ជើញជួបមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជាផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា៕

ដកស្រង់ពី៖ Fresh News