សម្ដេចវិបុលសេនាភក្ដី ណែនាំដល់សមាជិកគណបក្ស ប្រជាជនកម្ពុជា ត្រូវពង្រឹងបន្ដរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អក្នុងសង្គម
- Details
- Category: National News
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានណែនាំដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវពង្រឹង និងបន្ដរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អក្នុងសង្គម ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
សម្ដេចបានណែនាំដូច្នេះក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ខ្ពស់ចំពោះគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលដែលបានផ្តួចផ្តើមរៀបចំ ឲ្យមានសិក្ខាសាលានេះឡើង
ក្នុងទម្រង់ជាវេទិកាចែករំលែក បទពិសោធន៍ រវាងយន្តការនានារបស់គណបក្សដោយអនុញ្ញាតឲ្យមន្ត្រីគណបក្សដែលមកពីរចនាសម្ព័ន្ធ គណៈចលនាមហាជនទូទាំងប្រទេស និងយន្តការគណបក្សពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាពបច្ចុប្បន្ន នៃការងារផ្សព្វផ្សាយ
និងសាធារណមតិ ក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គម។
សម្ដេច ក៏បានផ្ដាំផ្ញើដល់អង្គសិក្ខាសាលាឲ្យខិតខំប្រឹងប្រែងស្វែងយល់ឲ្យបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មានយកចិត្តទុកដាក់បន្ថែមទៅលើ ការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណា
ឲ្យផ្ដល់នូវព័ត៌មានដែលពិត និងផ្ដល់ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។
ទន្ទឹមនឹងនោះ សម្ដេចបានណែនាំឲ្យប្រើប្រាស់ឲ្យបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាឲ្យមានភាពស៊ីសង្វាក់គ្នា ជាពិសេសតាមដានលើវឌ្ឍន៍ភាព
នៃការរីកចម្រើនរបស់បច្ចេកវិទ្យា ជាប្រចាំដើម្បីក្ដាប់ឲ្យជាប់រាល់ព័ត៌មាន និងធ្វើការអភិវឌ្ឍខ្លួនឲ្យទាន់សភាពការណ៍នៃសង្គម៕
ដកស្រង់ពី៖ រស្មីកម្ពុជា