សម្ដេចតេជោបញ្ជាឱ្យរដ្ឋមន្ត្រីខ្ចីលុយរាជរដ្ឋាភិបាលបើកឱ្យកម្មករតវ៉ាបញ្ហាថៅកែបិទរោងចក្រមិនបើកប្រាក់ឈ្នួល
- Details
- Category: National News
សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែសីហានេះបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារខ្ចីប្រាក់រាជរដ្ឋាភិបាលដោះស្រាយបញ្ហាតវ៉ារបស់កម្មកររោងចក្រឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ដែលបានទៅដាក់ញត្តិនៅខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែសីហា។
កម្មករកម្មការិនីជាង ៣០០នាក់ បម្រើការងារនៅរោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា មានទីតាំងនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានតវ៉ាជាង ៤ ខែមកហើយ ក្រោយពីថៅកែរោងចក្របិទទ្វាររត់ចោលកម្មករ ដោយមិនបានបើកប្រាក់ឈ្នូល និងទូទាត់អត្ថប្រយោជន៍ផ្សេងៗ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យប់មិញខ្ញុំឃើញថាមានកម្មករនៅរោងចក្រមួយទៅខុទ្ទកាល័យខ្ញុំកាលពីថ្ងៃទី ១៥ ខែសីហា ប្រាប់ថាបានដាក់ញត្តិទៅជាង ១ ខែហើយ មិនទាន់មានចម្លើយ។
សម្ដេចចោទជាសំនួថា ឥឡូវហ្នឹងទាំងខុទ្ទកាល័យរបស់សម្ដេច និងក្រសួងការងារទទួលបានញត្តិហើយតើរបៀបដោះស្រាយការងារយ៉ាងម៉េច? សម្ដេចតេជោមានប្រសាសន៍ថា នេះជាសុខទុក្ខរបស់កម្មករ កម្មករដាក់ញត្តិទៅក្រសួងការងារតាំងពីខែ ឧសភា តែមិនមានដំណោះស្រាយ ហើយចុងក្រោយមកខុទ្ទកាល័យសម្ដេច។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កាលពីមុនខ្ញុំធ្លាប់ឱ្យអស់លោកខ្ចីលុយទៅដោះស្រាយឱ្យកម្មករ ហេតុអីបានពេលនេះលោកមិនដោះ មានកន្លែងណាមួយនោះកម្មករដូចជា ៣០០ ប្លាយ ទៅខ្ចីលុយរដ្ឋាភិបាលយកទៅបើកឱ្យសិនទៅរួចហើយចាំដោះស្រាយជាមួយក្រុមហ៊ុនពេលក្រោយ»។
សម្ដេចតេជោ ហ៊ុន សែន រំឭកថា បញ្ហានេះ រដ្ឋាភិបាលធ្លាប់ឱ្យក្រសួងការងារខ្ចីលុយយកទៅដោះស្រាយឱ្យកម្មករ រួចហើយបានដោះស្រាជាមួយក្រុមហ៊ុនពេលក្រោយ តាមរយៈប្ដឹង ឃាត់ទុក ឬបង្កកគណនីធនាគារ៕
ដកស្រង់ពី៖ កម្ពុជាថ្មី