Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

  • Print

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។

 

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានលើកឡើងថា ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។

លោក ប្រាជ្ញ ចន្ទ បានជម្រាបជូនបន្តទៀតថា អនុលោមតាមច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំ និងកសាងផែនការមេ និងបានដាក់ចេញនូវប្រតិទិនការងារ ដែលត្រូវបំពេញតាមដំណាក់កាលនីមួយៗ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។

ប្រតិទិនការងារខាងលើនេះ ត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈ។ សាធារណជន និងភាគីពាក់ព័ន្ធនានា អាចទាញយកនូវប្រតិទិនការងារនេះចេញពីគេហទំព័ររបស់ គ.ជ.ប ឬអាច យកពីបណ្តាញទំនាក់ទំនងសង្គមរបស់ គ.ជ.ប។ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀងរាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព រួមមាន៖

* ការចុះឈ្មោះបោះឆ្នោត សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត។

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦)។ * ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

* ការកែតម្រូវឈ្មោះ និងទិន្នន័យតាមសំណើសុំរបស់សាមីខ្លួន ឬធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់។

* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោត កត់តា្រមិនត្រឹមត្រូវ។

* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យក្នុងភូមិតែមួយ។

* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានទទួលមរណភាព ឬត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង។

* ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២២ ដែលបានប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួស សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងពេលចុះឈ្មោះបោះឆ្នោត នាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្ត- សញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន។

លោកប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ជូនបន្តទៀតថា ‍ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវចាប់ផ្តើម ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ១៩ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ។

លោក ប្រាជ្ញ ចន្ទ បានបន្តថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គ.ជ.ប នឹងផ្ដល់លិខិតអញ្ជើញជូន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ សមាគម ឬអង្គការមិនមែនរដ្ឋា-ភិបាល អាចបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដោយត្រូវបំពេញបែបបទតាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប។

សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាចដាក់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយទាញយកទម្រង់ចេញពីគេហទំព័ររបស់ គ.ជ.ប ឬអាចមកយកពាក្យដោយផ្ទាល់ នៅនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការ គ.ជ.ប ដោយឥតគិតថ្លៃ។

មុននឹងបិទបញ្ចប់កិច្ចប្រជុំ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា ទោះបីពេលនេះស្ថានភាពប្រទេសរបស់យើងបានធូរស្រាលពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែយើងនៅតែត្រូវបន្តការប្រុងប្រយ័ត្ន ជានិច្ច។

ក្នុងដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ- ឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ គ.ជ.ប នឹងធ្វើការណែនាំបន្ថែមដល់មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត។

នេះជាកិច្ចប្រជុំលើកទី១ ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានមកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងព័ត៌មាន តំណាងស្ថានទូតរុស្ស៊ី តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ៥០នាក់៕

ដកស្រង់ពី៖ Fresh New