អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីនៅច្រកទ្វារកំពង់ផែ បម្រើសេវាជូនភ្ញៀវទេសចរណ៍ឱ្យបានល្អ
- Details
- Category: National News
អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារកំពង់ផែអន្តរជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែឱ្យបានល្អប្រកបដោយវិជ្ជាជីវៈ។
ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មានការរួបរួមសាមគី្គភាពផ្ទៃក្នុង
និងគោរពអនុវត្តឱ្យបានល្អតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍។លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់
ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ
ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្ដាំទៅកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវគ្រប់គ្រងឱ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន្ត ជាពិសេសការលួចឆ្លង ដែន ឧក្រិដ្ឋកម្ម ការជួញដូរខុសច្បាប់តាមផ្លូវទឹក។
ទន្ទឹមនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវតែចូលរួមផ្សព្វផ្សាយទប់ស្ដាក់ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ៕
ដកស្រង់ពី៖ កម្ពុជាថ្មី