Galaxy A70 ទទួលបានមុខងារ Night Mode និង QR Scanner លើកាមេរ៉ា ជាមួយកំណែអាប់ដេតចុងក្រោយ
- Details
- Category: Other News
កន្លងមក មានស្មាតហ្វូនត្រកូល Galaxy របស់ Samsung ជាច្រើនម៉ូឌែល ទើបទទួលបានមុខងារថ្មី Night mode និងមុខងារមួយចំនួនទៀត នៅក្នុងកំណែអាប់ដេត ជំនាន់
ក្រោយៗ រួមមាន Galaxy S9/S9+ និង Galaxy Note 9 ជាដើម។ បន្ទាប់ពីនោះមក យើងក៏ជឿជាក់ថា ក្រុមហ៊ុន Samsung នឹងបញ្ចេញកំណែអាប់ដេត ជាមួយមុខងារថ្មីនេះ ទៅអោយស្មាតហ្វូន របស់ខ្លួនមួយចំនួនទៀត ក្នុងពេលឆាប់ៗ ខាងមុខនេះ។
មិនខុសនោះទេ ដោយពេលថ្មីៗនេះ មានរបាយការណ៍មួយ មានប្រភពមកពី Sammobile បានបង្ហាញអោយដឹងថា Galaxy A70 បានទទួលកំណែអាប់ដេតថ្មី បណ្ដើរៗហើយ នៅតាមប្រទេសមួយចំនួន ដែលនឹងបន្ថែមមុខងារពិសេសចំនួន 2 គឺ Night mode និងមុខងារស្កេន QR កូដ នៅលើកម្មវិធី កាមេរ៉ាផ្ទាល់តែម្ដង។ កំណែអាប់ដេត ដែលមានលេខកូដសម្គាល់ A705GMDDU3ASG6 នេះ ក៏ជាការបញ្ចប់ទៅលើ ការអាប់ដេតប្រព័ន្ធសុវត្ថិភាព ប្រចាំខែកក្កដា ផងដែរ ជាមួយទំហំត្រឹម 367MB ប៉ុណ្ណោះ។ លើសពីហ្នឹង ក្នុងកំណែអាប់ដេតថ្មីនេះ ក៏បានជួយជួសជុល បញ្ហាមួយចំនួន ដែលកើតមានឡើង នៅលើប្រព័ន្ធដំណើរការ និងពង្រឹងបន្ថែមលើផ្នែក ប្រព័ន្ធសុវត្ថិភាពថែមទៀតផង។
សូមបញ្ជាក់ថា ចំពោះកំណែអាប់ដេតថ្មីនេះ ត្រូវបានដាក់អោយអាប់ដេត សម្រាប់តែប្រទេសឥណ្ឌា មុនគេ ហើយនឹងបន្តដាក់ អោយអាប់ដេត នៅតាមបណ្ដាប្រទេស មួយចំនួនទៀត នៅពេលខាងមុខនេះ។ ដោយឡែក សម្រាប់ ប្រទេសយើងវិញ ក៏សង្ឃឹមថា Samsung នឹងដាក់អោយ ធ្វើការអាប់ដេត ឆាប់ៗនេះដូចគ្នា!
ដកស្រង់ចេញពីCamboReport