Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Covid-19 ធ្វើ​ស៊ី​អស់​រាប់​ពាន់​ដុល្លារ តែ​ ស៊ិន ឧត្តម​ផល្លា សម្ងំ​ឈឹង

  • Print

ស៊ិន ឧត្តមផល្លា ដែលជារឿងៗឃើញបង្ហោះហ្វេសប៊ុកកំប្លែងលេងពីនេះពីនោះនោះ ប៉ុន្តែនៅពីក្រោយរឿងនេះ ក៏ល្បីថា នាងក៏បង់ខាតរាប់ពាន់ដុល្លារដែរក្នុងដំណាក់កាលនេះ បើទោះលើហ្វេសប៊ុកមិនសូវឃើញត្អូញត្អែរក៏ដោយ។

ការខាតបង់របស់ ស៊ិន ឧត្តមផល្លា ដោយសារថា ប្រភពចំណូលសំខាន់ៗរបស់នាងចំនួន២ត្រូវបានរំខានដោយសារមេរោគរាតត្បាត ហើយមួយនៅក្នុងចំណោមនោះ បានរងផលប៉ះពាល់យ៉ាងដំណំ។ តាមប្រភពមួយបង្ហើបថា ប្រភពចំណូលទី១របស់ម្ចាស់ទំព័រ Movie Star Research គឺមុខជំនួញលក់គ្រឿងបុណ្យយីហោ "ឧត្តម ឧត្តម" នៅខាងជើងរបងវត្តព្រះពុទ្ធមានបុណ្យ ដែលធ្លាប់ជួយរាប់រងសេដ្ឋកិច្ចគ្រួសាររបស់នាងឲ្យរស់នៅមិនលំបាក តាំងពីមុននាងបានសម្រេចវិលមកប្រឡូកសារជាថ្មីម្ល៉េះ។

ជំនួញនេះ គឺត្រូវប៉ាន់ខ្លាំង នៅក្នុងរដូវបុណ្យទានដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលទើបនឹងកន្លងផុតថ្មីៗនេះ។ រដូវនេះជាវេលាដែលបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតជាពុទ្ធសាសនិក តែងតែទិញរបស់របរដូចជាធូបទាន បាឡុង និងរបស់ផ្សេងៗទៀតជាដើមយកទៅវេរប្រគេនព្រះសង្ឃនៅវត្តដើម្បីឧទ្ទិសផ្សាយជូនទៅដល់បុព្វការីជនដែលចែកឋានទៅលោកខាងមុខ។

របស់ទាំងនោះ តារាស្រីមានផ្គត់ផ្គង់ទាំងអស់ ប៉ុន្តែខណៈពេលដែលរាជរដ្ឋាភិបាលបានផ្អាកការប្រារព្ធការជួបជុំ និងពិធីបុណ្យតាមវត្តអារាមនានាក្នុងពិធីប្រពៃណីជាតិកន្លងមកនេះ ក៏ធ្វើឲ្យប៉ះពាល់ខ្លះៗដល់ការលក់របស់នាង។ ដោយឡែកប្រភពចំណូលទី២របស់នាង គឺការងារសិល្បៈចេញច្រៀងតាមកម្មវិធីនានា។

ត្បិតថានេះជាប្រភពចំណូលបន្ទាប់ ប៉ុន្តែតាមដឹង ស៊ិន ឧត្តមផល្លា ក៏កើបលុយពីការងារច្រៀងរាំនេះមិនតិចពាន់ដុល្លារដែរក្នុង១ខែៗ។ ព្រោះថា នាមជាតារាចម្រៀងដែលអាចច្រៀងបានជាច្រើនភាសា អ្នកមេម៉ាយសម្បូរស្នេហ៍ មានកម្មវិធីចេញច្រៀងស្ទើរមិនមានពេលសម្រាក ក្នុងនោះមានទាំងកម្មវិធីឯកជន និងកម្មវិធីជាមួយក្រុម Dara Entertainment របស់លោក យ៉ែម សំអូន។ ប៉ុន្តែថា ការងារនេះ បានរាំងស្ទះស្ទើរតែទាំងស្រុងទៅហើយនៅក្នុងសម័យ Covid-19។

តាមដំណឹង គឺគិតត្រឹម១ខែចុងក្រោយ មានកម្មវិធីប្រមាណជាង ២០ត្រូវបានលុបចោលវិញ គិតជាទឹកប្រាក់ ប្រមាណជាងកន្លះម៉ឺនដុល្លារអាមេរិកឯណោះ។ ជុំវិញបញ្ហានេះ អ្នកមេម៉ាយកូន ៣ ស៊ិន ឧត្តមផល្លា បញ្ជាក់ថា Covid-19 ពិតជាធ្វើឲ្យនាងខាតបង់មិនតិចមែន។ យ៉ាងណា ផលប៉ះពាល់នោះភាគច្រើនលើការងារសិល្បៈរបស់នាងជាង។

“ការងារសិល្បៈប៉ះពាល់មែនតើ ស្ងាត់ឈឹងហើយឥឡូវ ការងារដែលកុងត្រារួចជាច្រើន គេសុំលុបវិញ ហើយស្ថានភាពនេះយើងឃើញហើយថា វាប៉ះទាំងអស់គ្នាមែន អីចឹងមានតែព្រមឲ្យគ្នាលុបទៅ...គិតទៅខ្ទង់ ២០-៣០កម្មវិធីដែរ បើគិតជាលុយជាច្រើនពាន់ដែរហ្នឹង!”។ ចំណែកការងារលក់ ផល្លា បញ្ជាក់ថា ប៉ះពាល់ដែរ តែតិចតួចទេ។

"ធ្លាក់ចុះដែរតែមិនច្រើនទេ គឺតិចតួច...ហើយរាល់ថ្ងៃខ្ញុំបើកលក់ធម្មតា ហើយនៅតែមានអ្នកទិញឥតដាច់ដែរទេ!”។ ក្រៅពីការងារ២ខាងលើ ស៊ិន ឧត្តមផល្លា ក៏បានបង្កើតទំព័រមួយស្រាវជ្រាវរកសិល្បករចាស់ៗមកបង្ហាញដល់ទស្សនិកជន ប្រយោជន៍កុំអោយពួកគេ ចេញពីសិល្បៈហើយ ត្រូវប្រិយមិត្តភ្លេចលែងនឹកនា។

ប៉ុន្តែការងារនេះ នាងមិនទទួលបានចំណូលអ្វីឡើយ។ ផល្លា បញ្ជាក់ថា នាងធ្វើការងារនេះ ដោយសារតែស្រឡាញ់ និងមិនចង់ឲ្យទស្សនិកជនភ្លេចតារារៀមច្បង បុគ្គលដែលធ្លាប់ជ្រោមជ្រែងសិល្បៈខ្មែរឲ្យរុងរឿងពីអតីតកាលប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ថៅកែស្រី ទើបបញ្ចេញសារលើហ្វេសប៊ុកព្រឹកមិញ ដោយសុំចិត្តសិល្បករជំនាន់ក្រោយកុំអាក់អន់ ដោយសារតែនាងមិនអាចសរសេរផ្សព្វផ្សាយជូនបាន ព្រោះទី១ សិល្បករថ្មីថ្មោងមិនទាន់មានសមិទ្ធផលការងារច្រើន ម្យ៉ាងខុសពីគោលការណ៍របស់នាង ដែលចង់ស្រាវជ្រាវរករៀមច្បងដែលបាត់មុខមកបង្ហាញជូន។

ប៉ុន្តែម្ចាស់ទំព័របញ្ជាក់ថា នាងក៏មិនបិទផ្លូវទាំងស្រុងដែរសម្រាប់សិល្បករថ្មីថ្មោង ប៉ុន្តែរង់ចាំពួកគេមានស្នាដៃច្រើនសិន។ ចំណុចមួយបន្ថែមទៀត ស៊ិន ឧត្តមផល្លា សុំសិទ្ធិមិនសរសេរពីសិល្បការិនីមួយចំនួនដែលមានស្វាមីហើយ ប៉ុន្តែសុំចុះផ្សាយថាជា "កញ្ញា" ដែរ។ ផល្លា បញ្ជាក់ថា នាងចង់ផ្ដល់ឲ្យប្រិយមិត្តនូវអ្វីដែលពិត និងត្រឹមត្រូវតែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay