Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាល្បីៗ ៤ដួង បានផុងខ្លួនយ៉ាងជ្រៅក្នុងបំណុលរាប់ម៉ឺនដុល្លារ ប៉ុន្ដែកំពុងរកច្រកចេញរៀងៗខ្លួន

  • Print

រយៈពេលមិនដល់ ៦ខែផង ពោលគឺនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ មានតារាសម្ដែងល្បីៗយ៉ាងតិច ៤ដួង បានផុងខ្លួនយ៉ាងជ្រៅក្នុងរឿងបំណុល។

អ្នកខ្លះសុខចិត្ដឃ្លាតឆ្ងាយពីសិល្បៈ និងខ្លះទៀតនៅបន្ដអាជីពសិល្បៈដដែល ប៉ុន្ដែខំខ្នះខ្នែងរកមុខរបរអ្វីផ្សេងបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលយកទៅដោះបំណុលគេបណ្ដើរៗ ខណៈប្រជាប្រិយភាពរបស់ពួកគេក៏ប៉ះពាល់យ៉ាងដំណំដែរនោះ។ Sabay សូមផ្ដើមចេញពីតារាសម្ដែងភេទទី៣ ផេនខេក។

នៅអំឡុងខែមេសា ឆ្នាំ២០២២ តារាមាឌយក្សនេះ បានទម្លាយរឿងរ៉ាវស្វាមីបែកចិត្ដទៅមានដៃគូថ្មី ហើយក្រោយៗមកក៏ធ្លាយរឿងនាងជំពាក់លុយគេស្ទើរងើបមិនរួច ដោយសារបំណុលសរុបមានដល់ទៅ ១៥ម៉ឺនដុល្លារ ខណៈដែលចំណូលពីសិល្បៈបានធ្លាក់ចុះ។ នៅពេលដែលតារារូបនេះ ធ្លាក់ដល់ចំណុចសូន្យ អ្វីៗក៏កើតឡើងបានដែរ។

ផេនខេក ត្រូវម្ចាស់ផ្ទះជួលបណ្ដេញចេញពីផ្ទះទាំងកណ្ដាលយប់ ដោយសារអត់មានលុយបង់ថ្លៃផ្ទះឲ្យគេ ប៉ុន្ដែបច្ចុប្បន្ននាង ទទួលបានការជ្រោមជ្រែង និងផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នពីសំណាក់តារាសម្ដែង គង់ ច័ន្ទស្រីមុំ ហើយក៏បានផ្ដល់ឱកាសការងារដល់ ផេនខេក ជាបន្ដបន្ទាប់ដែរ។ យើងងាកមកមើលបញ្ហាតារាសម្ដែងភេទទី៣ ម៉ាដូណា វិញម្ដង។

ថ្មីៗនេះលោក បានទម្លាយរឿងជំពាក់លុយគេចំនួន ៥២ម៉ឺនដុល្លារ ដោយសារចាញ់បោកកូនតុងទីន ហើយត្រូវទទួលខុសត្រូវ និងចំណាយប្រាក់ជាច្រើនដើម្បីសងជំនួសកូនតុងទីនទាំងនោះទាំងដែលខ្លួនមិនបានខ្ចីគេសម្រាប់បម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួនសូម្បីមួយកាក់ផងនោះ។

តារារូបនេះ បានបង្ខំចិត្ដលក់ហាងពេជ្រ ផ្ទះដែលឪពុកម្ដាយកំពុងរស់នៅ និងរបស់មានតម្លៃជាប់ខ្លួនជាច្រើនទៀត ដើម្បីរលាស់ខ្លួនចេញពីបំណុល។ ប៉ុន្ដែបច្ចុប្បន្នលោកនៅតែបន្ដទទួលការងារសិល្បៈ និងប្រឹងប្រែងរកស៊ីលក់ផលិតផលតាមអនឡាញ ដើម្បីកសាងជីវិតជោគជ័យជាថ្មី ខណៈដែលលោកមិនទាន់ដាច់ស្រឡះពីបំណុលនៅឡើយ។

រីឯតារាកំប្លែង ស្រេង សុកាន់ដា ហៅនាងខ្ញុង វិញ។ ប្រិយមិត្ដភាគច្រើនប្រហែលនៅចាំថា កាលពីខែតុលា ឆ្នាំ២០២១ ខ្ញុងសម្រេចចិត្ដទម្លាយរឿងខ្លួនជំពាក់បំណុលគេជាង ៥០ម៉ឺនដុល្លារ បន្ទាប់ពីប្រើជីវិតហាយសូ ជិះឡានសេរីទំនើប និងខាតបង់ប្រាក់យ៉ាងសន្ធឹកក្នុងការរកស៊ី។ បច្ចុប្បន្នបញ្ហារបស់ខ្ញុង បានស្ងប់ស្ងាត់ ដោយនាងសុខចិត្ដដកឃ្លាចេញពីសិល្បៈ ហើយបន្ដលក់ផលិតផល និងគ្រឿងទេស ដើម្បីបានប្រាក់ដោះបំណុលគេ ហើយម្ចាស់បំណុលភាគច្រើនក៏យល់ស្ថានភាពខ្ញុងពេលនេះដែរ។

ចំពោះរឿងរ៉ាវរបស់តារាសម្ដែងស្រីវ័យជ្រេ សឿ សុធារ៉ា វិញ។ គេស្ទើរតែភ្លេចទៅហើយថា តារារូបនេះមានរឿងរ៉ាវជំពាក់លុយគេជាច្រើនម៉ឺនដុល្លារ កើតចេញពីរឿងលេងតុងទីនតារាភេទទី៣ ម៉ាដូណា ដែរ។ ប៉ុន្ដែសម្រាប់ម្ចាស់បំណុលខ្លះ ក៏មិនទាន់បាត់ក្ដៅជាមួយនឹង សឿ សុធារ៉ា ដែរ។ ក្រោយជួបរឿងបែកបាក់ជាមួយ សាពូន មីដាដា អ្នកនាង សឿ សុធារ៉ា ក៏បែកធ្លាយរឿងជំពាក់បំណុលគេស្ទើររើខ្លួនមិនរួចនេះតែម្ដង ប៉ុន្ដែសព្វថ្ងៃនាងបានព្យាយាមដោះស្រាយបញ្ហាដោយសារសន្ដិវិធីបំផុត៕

ដកស្រង់ពី៖Sabay