Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាគ្រោងរៀបចំ «វេទិកាអន្តរសាសនា» ឡើងវិញ ក្រោយខកខាន២ឆ្នាំ ដោយសារកូវីដ១៩

  • បោះពុម្ព

រាជរដ្ឋាភិបាលកម្ពុជា គ្រោងរៀបចំ «វេទិកាអន្តរសាសនា» ឡើងវិញ ក្រោយខកខានអស់រយៈពេល ២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។ កម្មវិធីនេះ ត្រៀមនឹងរៀបចំឡើងនៅដើមខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នេះបើតាម លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សា អំពីការរៀបចំកម្មវិធីវេទិកាអន្តរសាស នាលើកទី៦ នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧មក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន តែងតែបានសហការជាមួយអ្នកដឹកនាំសាសនាធំៗ ក្នុងប្រទេសកម្ពុជា រៀបចំកម្មវិធីវេទិកាអន្តរសាសនា ដើម្បីបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើសកលលោក ទទួលបានសេចក្តីសុខ ចៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាសម័យទំនើប។

សារៈសំខាន់ នៃកម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរាយគ្នា មិនបង្កឲ្យមានការបែកបាក់ និងគ្រោះមហន្តរាយ ក្នុងសង្គម ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។

លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា «នៅកម្ពុជាយើងនេះ មានភាពសុខុដុមនៃសាសនា ដែលធ្វើឲ្យមានការរៀបចំវេទិកាអន្តរសាសនាបាន ខណៈប្រទេសមួយចំនួននៅលើលោកនេះ មិនអាចរៀបចំវេទិកាអន្តរសាសនាបានឡើយ។ កន្លងមក ក៏មានប្រទេសមួយចំនួនកោតសរសើរ ពីភាពសុខុដុមនៃសាសនា នៅកម្ពុជាផងដែរ»។

កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។

នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ តែបានរៀបចំជាបទយកការណ៍ និងការផ្សព្វផ្សាយជាទម្រង់វីដេអូ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីពី សម្តេចតេជោ ហ៊ុន សែន ដើម្បីថ្លែងសុន្ទរកថាបើកកម្មវិធី យ៉ាងអធិកអធម និងផ្សព្វផ្សាយទូទាំងប្រទេស និងទៅលើពិភពលោក។

ដើម្បីបន្តសកម្មភាពដ៏មានសារៈសំខាន់នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចង់រៀបចំកម្មវិធីវេទិកាអន្តរសាសនា លើកទី៦ ឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ប្រមាណ ១៥០០អង្គ/នាក់៕