Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់ពីមានភ្លៀងធ្លាក់តិចតួច អស់ទៅវិញ ធាតុអាកាសត្រជាក់ ក្នុងរង្វង់ ២០ អង្សាសេ ក៏បានមកដល់ជាថ្មី

  • បោះពុម្ព

ភ្នំពេញៈ បន្ទាប់ពីភ្លៀងធ្លាក់រាយប៉ាយ មិនស្មើ នៅគ្រប់តំបន់ ក្នុងកម្រិតពី តិចទៅមធ្យម ដែលបានកើតមានឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ និងអស់ទៅវិញ នៅថ្ងៃទី១៦ ខែកុម្ភៈ អាកាសធាតុត្រជាក់ ក៏បានត្រឡប់មកដល់វិញ ដែលជាទូទៅ ស្ថិតក្នុងរង្វង់ ២០ អង្សាសេ នៅពេលព្រឹក អាចកើតមានរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ រួចក្រោយពីនេះ សីតុណ្ហភាព នឹងចាប់ផ្តើមកើនឡើង ជាលំដាប់ ជាសញ្ញាប្រាប់ថា ធាតុអាកាសត្រជាក់ សម្រាប់រដូវរំហើយ ឆ្នាំ២០២២ ឆ្នាំ២០២៣ បានមកដល់ទីបញ្ចប់ ហើយ។

 

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ បន្ទាប់ពីអស់ភ្លៀង ទៅវិញ ធាតុអាកាសត្រជាក់ ក៏បានត្រឡប់មកដល់វិញ តែមិនត្រជាក់ខ្លាំងទេ គឺត្រជាក់មនោរម្យ នៅពេលព្រឹក ក្នុងរង្វង់ ២០ អង្សាសេ ជាមួយនឹងខ្យល់បក់បោកខ្លាំងបន្តិច។

សីតុណ្ហភាព ត្រជាក់ ជាទូទៅ នៅក្នុងរង្វង់ ២០ អង្សាសេនេះ អាចកើតមានរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ និងបន្ទាប់ពីនោះ សីតុណ្ហភាព នឹងចាប់ផ្តើមងើបឡើង ជាលំដាប់ ជាសញ្ញាប្រាប់ថា អាកាសធាតុត្រជាក់ សម្រាប់រដូវរំហើយ ឆ្នាំ២០២២ ឆ្នាំ២០២៣ បានឈានដល់ទីបញ្ចប់ ហើយ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅមធ្យម ធ្លាក់រាយប៉ាយមិនស្មើ នៅតំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប និងតំបន់ មាត់សមុទ្រ ដែលបានកើតមាន តាំងពីថ្ងៃទី១៤ ខែកុម្ភៈ វានឹងអស់ទៅវិញ នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បើមានក៏នៅតិចតួច មានតែនៅលើខេត្តស្វាយរៀង និងលើផ្ទៃសមុទ្រ ប៉ុណ្ណោះ។

សីតុណ្ហភាព ចាប់ពីក្រោយថ្ងៃទី២០ ខែកុម្ភៈទៅ គឺចាប់ផ្តើមកើនឡើង ជាលំដាប់ហើយ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី១៥ ថ្ងៃទី២១ ខែកុម្ភៈថាៈ នៅក្នុងអំឡុងពេល នេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់ មូសុងឦសាន បក់មកក្នុងកម្រិតខ្សោយ ធ្វើឱ្យសីតុណ្ហភាព អប្បបរមា ចុះទាបបំផុត ត្រឹមរង្វង់ ២០ អង្សាសេ សីតុណ្ហភាព អតិបរមាខ្ពស់បំផុត ៣៤ អង្សសេ។

អាចមានភ្លៀង ធ្លាក់រាយប៉ាយមិនស្មើ ក្នុងកម្រិតពីតិចទៅមធ្យម នៅគ្រប់តំបន់ នាថ្ងៃទី១៥ ខែកុម្ភៈ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២១ ទៅ ២៣ អង្សាសេ សីតុណ្ណភាពអតិបរមា មានពី ៣៣ ទៅ ៣៤ អង្សាសេ ។

នៅថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម ហើយបរិមាណទឹក ភ្លៀង ថមថយមកនៅ ក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើវិញ។ សម្រាប់តំបន់ ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។

អាចមានភ្លៀងធ្លាក់តិចតួច លាយឡំនឹងខ្យល់បក់ ក្នុងល្បឿនមធ្យម។ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២០ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី៣០ ទៅ ៣២ អង្សាសេ។

នៅថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ហើយបរិមាណទឹកភ្លៀងថមថយមកនៅ ក្នុងកម្រិតពីខ្សោយទៅ តិចតួច ដោយអន្លើវិញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា