Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសេដ្ឋកិច្ច សម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា»

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា» ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក, លោកស្រី, អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការអំពីការប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗ របស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឲ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគយល់គ្នា ជាមួយដៃគូយុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។

គួរបញ្ជាក់ផងដែរថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន ក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឲ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចឲ្យបានចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ SDF បានដាក់ចេញនូវបេសកកម្មជម្រុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និង គ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញដែលមានគុណភាព ឆ្លើយតបនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ក្នុងស្មារតីបុរេសកម្មក្នុងការចូលរួមពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញ និងដោះស្រាយបញ្ហាក្នុង ប្រព័ន្ធអេកូឡូស៊ីជំនាញ, SDF នឹងបន្តបង្កើតកម្មវិធីគាំទ្រថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍បន្ថែមទៀត។

ជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ នេះតទៅ SDF បានកំណត់នូវទិសដៅអាទិភាពសំខាន់ៗ ដូចតទៅ៖

១). ពង្រឹងគុណភាពសេវា និងប្រសិទ្ធភាពនៃការគ្រប់គ្រង និង បែងចែកធនធាន របស់មូលនិធិឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដល់ដៃគូសហការ,

២). បង្កើនទំហំមូលនិធិគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលដែលត្រូវនឹងតម្រូវការវិស័យឯកជន និង

៣). ដាក់ចេញនូវកម្មវិធីថ្មីៗបន្ថែមដែលរួមមាន៖ កម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program), ថ្នាលនៃភាពជាដៃគូ (Partnership Platform) និងមេរៀនឌីជីថល (Digital Learning Content) ស្តីពីជំនាញទន់ចាំបាច់ សម្រាប់ឧស្សាហកម្ម-ល-។

បន្ថែមពីនេះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន៖

១៖ អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ សភាពាណិជ្ជកម្មកម្ពុជា (CCC) ដើម្បីកៀរគរសមាជិករបស់ CCC ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីកំណត់ជំនាញ ដែលមានតម្រូវការ និងរៀបចំកម្មវិធីបណ្តុះបណ្តាលឲ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។

២៖ អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជារោងចក្រ-សហគ្រាសក្នុងការសហការគ្នាជាមួយគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីកំណត់ជំនាញដែលមានតម្រូវការ និងរៀបចំកម្មវិធីបណ្តុះបណ្តាល ឲ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។

៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាង SDF ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact ដើម្បីពង្រឹង និងពង្រីកការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ឱ្យត្រូវនឹងតម្រូវការការងារជាក់ស្តែង ទាំងគុណភាព និងបរិមាណ ។

ជាមួយគ្នានេះផងដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ក្នុងការ ចូលរួម និងសហការឲ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បីសម្រេចបានការអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម «យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» ក្រោម ការដឹកនាំដ៏ឈ្លៀសវៃ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមនឹងនេះ, ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ លោកបណ្ឌិត ផាន់ ផល្លា បានអំពាវនាវដល់វិស័យឯកជន រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះ-បណ្តាលទាំងអស់បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលត្រូវនឹងតម្រូវការជាក់ស្តែង ដើម្បីដាក់ស្នើមកកាន់ SDF។

ជាលទ្ធផល កម្មវិធីសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានអន្តរសកម្ម រវាង វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចពិភាក្សា និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូរបស់ SDF ។

SDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមគាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេច ឲ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដកស្រង់ពី៖Fresh New