អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំអន្តរក្រសួង ចុះពិនិត្យ និងប្រជុំបូកសរុបគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
ស្របពេលបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ ជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយដែលថ្ងៃនោះ ប្រជាពលរដ្ឋតែងធ្វើដំណើរ ទៅកាន់ទីវត្តអារ៉ាមនានា ដូច្នេះដោយគិតគូរពីការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យ មានភាពងាយស្រួល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយគណៈប្រតិភូជំនាញអន្តរក្រសួង បានចុះពិនិត្យមើលផ្លូវនានា ក្នុងខេត្តដើម្បីជួយពន្លឿនការស្ថាបនាផ្លូវឱ្យទាន់ពេលវេលាដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋដែលប្រាស្រ័យផ្លូវ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមក។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូង និងគណៈប្រតិភូជំនាញអន្តរ ក្រសួង ដែលដឹកនាំ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តម សក់ ស៊ីថា រដ្ឋលេខាធិការក្រេសួងមហាផ្ទៃ បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងគម្រោង ពិសេសគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋាបាល ខេត្តត្បូងឃ្មុំ រួមនឹង មន្រ្តីរដ្ឋបាលខេត្ត និងតំណាង អគ្គនាយដ្ឋានថវិកា អគ្គនាយដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និង តំណាងក្រុមហ៊ុន លី ឈួង សំណង់ និង អាហរណ័ និង នីហរ័ណ ចំពោះការអនុវត្តគម្រោងពហុឆ្នាំ ដែលបានធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ។
ក្នុងការចុះពិនិត្យនេះបានធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា ដែលសម្តេច គឺតែងតែគិតគួរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើគ្រប់រូប កន្លែងមានផ្លូវខូចខាតដោយកត្តាអ្វីមួយ ហើយថ្នាក់ដឹកនាំតែងតែចុះទៅត្រួតពិនិត្យដោយផ្ទាល់ ដោយមិនខ្លាចនឿយហត់នោះឡើយ។
ការចុះត្រួតពិនិត្យដល់ទីតាំងអនុវត្តគម្រោងជាក់ស្តែង នេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគម្រោង និងការរៀបចំថវិកាពហុឆ្នាំជាអាទិ៍ ក្នុងការ បន្តចុះពិនិត្យដល់ទីតាំងអនុវត្តគម្រោងជាក់ស្តែង ជាពិសេសគម្រោង ដែលអនុវត្តការទូទាត់ពហុឆ្នាំ ក្នុងទីតាំងតំបន់រដ្ឋបាល ខេត្តត្បូងឃ្មុំនេះ ហើយក៏ដើម្បីធ្វើការបូកសរុបគម្រោង ដោយមានការឯកភាពលើប្លង់រៀបចំតំបន់រដ្ឋបាលខេត្ត ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់គ្រឿងសង្ហារឹម ការត់បណ្តាញខ្សែរ និងបំពាក់គ្រឿងអេឡិចត្រូនិច ការស្ថាបនាស្ថានីយសម្អាតទឹកកខ្វក់ ។ល។
ក្នុងការចុះត្រួតពិនិត្យ និង ប្រជុំបូកសរុបគម្រោងដែលអនុវត្តការទូទាត់ពហុឆ្នាំ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នេះ មានសារៈសំខាន់ណាស់ កុំអោយគម្លាតឆ្ងាយរវាងជនបទ និងទីប្រជុំជន ហើយកាន់តែខិតជិតគ្នា និងជាសរសៃឈាមសេដ្ឋកិច្ច ក្នុងការចរាចរផ្លាស់ប្តូរទំនិញនៅតាមព្រំដែន រវាងប្រជាជន និងប្រជាជន និងសារៈសំខាន់មួយចំនួនទៀត ជាពិសេសធ្វើអោយខេត្តត្បូងឃ្មុំមានការចម្រើនជាច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា៖ គណៈកម្មាធិការអន្តរក្រសួងរៀបចំរដ្ឋបាលខេត្តត្បូងឃ្មុំ គឺត្រូវបានអនុវត្ត និង កំពុងបន្ត ក្នុងងនោះមានគម្រោង ចំនួន ៤ កំពុងអនុវត្តការទូទាត់ជាពហុឆ្នាំ ( ២០១៩- ២០២៤) ដោយមានសេសសល់ការងារមួយចំនួនទៀត ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានឯកភាពអោយស្ថាបនាបន្តបន្ថែម (ជំហ៊ានទី ២)ផងងដែរ ទាំងនេះ គឺក្នុងគោលបំណងបន្ថយសម្ពាធថវិការផង និង បន្ថយបន្ទុកបំណុលនាពេលអនាគតផង ចំពោះការពិនិត្យជាក់ស្តែងដល់ទីតាំងអនុវត្តគម្រោង និង បូកសរុបគម្រោងដែលទូទាត់ពហុឆ្នាំ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា៕