អភិបាលខេត្តត្បូងឃ្មុំ៖ ឆ្នាំក្រោយកូនឈើ១មុឺនដើម នឹងត្រូវដាំទូទាំងខេត្ត ដោយរំពឹង៥ឆ្នាំក្រោយ ក្រុងសួងនឹងទទួលបានផ្ការំដួល៣ទង តែត្រូវចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងខេត្ត!
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឪកាសដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរ សិស្សានុសិស្ស សសយក អាជីវករ និងប្រជាពលរដ្ឋ នាំគ្នាដាំកូនឈើធ្នង់ បេង នាងនួនជាដើម ចំនួនប្រមាណ 300ដើម បន្ថែមទៀត នៅបរិវេណនិង ជុំវិញវិទ្យាល័យ សម្ដេចតេជោហ៊ុនសែនសួង និងតាមដងផ្លូវ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីផ្តល់ សោភ័ណភាព និងលើកកម្ពស់ បរិស្ថានបៃតង ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបញ្ជាក់ថា ដើម្បីទទួលផ្ការំដួល ៣ទង នា៥ឆ្នាំខាងមុខនេះ ត្រូវតែមានការចូលរួមពី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅ ទីក្រុងសួងនេះ ដែលទាមទារឲ្យមានបេះដូង ស្រលាញ់អនាម័យ បរិស្ថានពិតប្រាកដ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្តថា អនាម័យបរិស្ថាន សំខាន់ណាស់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ត្រូវតែជាទីក្រុង ដែលគ្មានសំរាម មានដងផ្លូវស្អាត ពិសេសមានអ្វី ដែលទាក់ទាញថ្មីបន្ថែមទៀត ។
ឯកឧត្តមបណ្ឌិត បន្ថែមថា ជាមួយគ្នានោះ ក្រោមការចង្អុល បង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ ដែលលោកបានជំរុញ ឲ្យមានការដាំដើមឈើ ចាប់ពីស្ពានគីហ្សុណា ឆ្ពោះទៅដល់ ស្រុកមេមត់ ។ តាមគម្រោង នាឆ្នាំក្រោយ នឹងមានការដាំ លក្ខណៈទ្រង់ទ្រាយធំ ដោយដាំកូនឈើចំនួន ១មុឺនដើម ទូទាំងខេត្ត ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានជំរុញ ឲ្យអាជ្ញាធរក្រុងសួង និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាដាំដើមឈើ និងផ្កា ចំរុះតាមដងផ្លូវ ថែរក្សាអនាម័យបរិស្ថាន ថែរក្សាគុណភាពផ្លូវ រក្សាសណ្ដាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍ កុំឱ្យមានការកកស្ទះ និងបន្តកសាង សមិទ្ធផលថ្មីៗ ទាក់ទាញបន្ថែមទៀត ។ ហើយការ ដាំដើមឈើនេះ មិនមែនធ្វើតែ នៅក្រុងសួងនោះ គឺរួមគ្នាដាំទូទាំងខេត្ត ដើម្បីជាគម្របបៃតង និងជាសួត នៃខេត្តត្បូងឃ្មុំ។
ក្នុងឱកាស នោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បញ្ជាក់ឲ្យដឹងដែរថា នៅលើផ្លូវជាតិលេខ៧ ត្រង់កែងផ្លូវចូលរដ្ឋបាល សាលាខេត្ត នឹងកសាងឲ្យមាន រង្វង់មូលធំមួយ ដែលមានរូបភាជ តំណាង អោយខេត្តត្បូងឃ្មុំ ចំណែកត្រង់ រង្វង់មូលបន្ទាប់ នឹងដាក់រូបសំណាក់ ស្តេចកនផងដែរ ដែលសុទ្ធសឹងជារូបសំណាក់ តំណាងឲ្យ ខេត្តត្បូងឃ្មុំ សម្រាប់ឲ្យប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសភ្ញៀវទេសចរ បានឃើញ និ ងដឹងនៅពេល ឆ្លងកាត់ទីនេះ ៕