ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលសិក្ខាសាលាស្តីពី កិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីបង្កើនចំណេះដឹង ពីការវិវត្តន៍ក្នុងផ្នែកពាណិជ្ជកម្ម ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម បុគ្គលិកស្ថាប័ន និងនិស្សិតនៅខេត្តត្បូងឃ្មុំ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
នៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះដើម្បីបង្កើនចំណេះដឹង ពីការវិវត្តន៍ក្នុងផ្នែកពាណិជ្ជកម្ម ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម បុគ្គលិកស្ថាប័ន និង
និស្សិតនៅខេត្តត្បូងឃ្មុំ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអាជ្ញាធរខេត្ត ក្រោមការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានបើកវគ្គបណ្តុះបណ្តាលសិក្ខាសាលាស្តីពី កិច្ចសម្រួលពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ។
ថ្លែងនាឪកាសនោះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថាប្រទេសកម្ពុជាបានធ្វើសាកភាវូនីយកម្ម និងសេរីភាវូនីយកម្ម ដែលធ្វើឱ្យចរន្ត នៃការដឹកជញ្ជូនទំនិញឆ្លងកាត់ការនាំចេញ ការនាំចូល មានការកើនឡើងក្នុងកម្រិតខ្ពស់។
ទន្ទឹមនឹងនេះប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងតែឆ្លងកាត់ការបម្រែបម្រួលឥតឈប់ឈរដោយភាពជឿនលឿនផ្នែកបច្ចេក វិទ្យា។
ឯកឧត្តមបន្តថា ក្នុងបរិបទនេះ យើងកាន់តែដឹងច្បាស់អំពីភាពចាំបាច់នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចសម្រួលពាណិជ្ជកម្មដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ទាក់ទាញការវិនិយោគ ជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកនិងការចូលរួមក្នុងខ្សែច្រវាក់តម្លៃសាកល។
ក្នុងគោលបំណងទាំងនេះកម្មវិធីបណ្តុះបណ្តាលស្តីពី * កិច្ចសម្រួលពាណិជ្ជកម្ម * ក្នុងវគ្គនេះ នឹងផ្តោតទៅលើ (១) សេចក្តីផ្តើមនៃកិច្ចសម្រួលពាណិជ្ជកម្ម (២)ការអនុវត្តនៃកិច្ចសម្រួលពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ក្របខណ្ឌអាស៊ាន និង WTO ព្រមទាំងនីតិវិធីនាំចេញ-នាំចូលផងដែរ។
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា សិក្ខាកាមបានបញ្ចប់វគ្គនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្កើនចំណេះដឹងសមត្ថភាព អំពីការវិវត្តន៍ក្នុងផ្នែកពាណិជ្ជកម្ម ដើម្បីយកចំណេះដឹងទាំងនេះទៅអនុវត្តន៍ និងចែករំលែកបន្តទៀត។
លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក នីតិវិធីនាំចេញ-នាំចូល តាមប្រព័ន្ធស្វ័យប្រវត្តិកម្មជាដើមនោះ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីកិច្ចប្រឹងប្រែង និងបង្កើនការយល់ដឹងអំពីវឌ្ឍនភាពរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងដំណើការនៃកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងបញ្ហាបការយល់ដឹងអំពីតួនាទី ភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មក្នុងកិច្ចការអន្តរជាតិដូចជាការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី ពហុភាគី ក្នុងការទាញប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជាឲ្យ កាន់តែរីកចំរើន។
ទើបមន្ទីរពាណិជ្ជកម្មខេត្ត បានសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា “កិច្ចសម្រួលពាណិជ្ជកម្ម” នេះឡើង៕